• 2021-12-01 02:38:51
  • ព័ត៌មាន

ភ្លេចៗខ្លួនកម្ពុជា សម្រេចបានគោលដៅយកឈ្នះជំងឺអេដស៍ដំណាក់កាលធំបំផុតមួយហើយ!

  • 2021-12-01 02:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» ។ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពី ការប្ដេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុក និងអ្នករងផលប៉ះពាល់ពីមេរោគអេដស៍ ក្នុងការទទួលបាន សេវាថែទាំនិងព្យាបាល និងសេវាសង្គមឱ្យកាន់តែទូលំទូលាយថែមទៀត។

រូបភាពតំណាង

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាទទួលបានទទួល​ជោគជ័យ​ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដូចមានចំណុចសំខាន់ៗខាងក្រោមនេះ៖

១. ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ថាបានសម្រេចគោលដៅ ៩០-៩០-៩០ នៅ ឆ្នាំ២០១៧។ នៅឆ្នាំ២០២០កន្លងទៅ ប្រទេសកម្ពុជាយើងត្រូវបានទទួលស្គាល់ថាមានអត្រាគ្រប ដណ្តប់សេវាព្យាបាលថែទាំអ្នកជំងឺអេដស៍រហូតដល់៨៣% ដែលជាអត្រាខ្ពស់ជាងគេនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក គឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម។

រូបភាពតំណាង

២. អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ ដែលកំពុង ទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៩៧៤ គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភប្រមាណ ៥១៥ ០០៤ ០០០រៀល គិតពីខែមិថុនា ឆ្នាំ២០២០ ដល់ខែ កក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កំពុងសហការជាមួយក្រសួង ផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុងការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍មួយចំនួនធំថែមទៀត ដែលពុំ ទាន់ទទួលការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ។

រូបភាពតំណាង

៣. ព្រះរាជាណាចក្រកម្ពុជាជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ដែលមានភាពធន់និងមានចីរភាព។

៤.ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្ដើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយដែល មុតស្រួច ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដសំគ្រប់លំដាប់ថ្នាក់ និងដោយ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការក្រៅរដ្ឋាភិបាល និងសង្គម ស៊ីវិលជាតិ និងអន្តរជាតិផង។

ក្នុងសារលិខិតបានបញ្ជាក់ទៀតថា កម្ពុជាស្ទើរតែសម្រេចគោលដៅ៩៥-៩៥-៩៥ទាំងស្រុងរួចទៅហើយ នៅឆ្នាំកន្លងទៅ ទោះបីជាយើងស្ថិតនៅក្នុងបរិបទនៃការគំរាមកំហែងនៃមេរោតកូវីដ-១៩យ៉ាងណាក៏ដោយ។ យ៉ាង​នេះ​ក្ដី រាជរដ្ឋាភិបាល​បាន​ដាក់​ផែន​ការ​សម្រេច​ជោគជ័យ​លើ​គោដៅ ៩៥-៩៥-៩៥ បន្ត​ទៀត តាម​រយៈ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ជាសេនាធិការ​បន្ត​ទៀត តាម​វិធានការ​ ៦ចំណុច​ដូច​មាន​ក្នុង​សារលិខិត​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ខាង​ក្រោម៕

រូបភាពតំណាង

ប្រភព៖ ក្រសួងព័ត៌មាន​

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់