• 2021-12-01 05:15:34
  • ព័ត៌មាន

ស្នងការរងខេត្ត​កំពង់ឆ្នាំង ស្ម័គ្រចិត្ត​ប្រគល់​ដី​ព្រៃ​លិច​ទឹកចំនួន​ ៦៧៥​ ហិកតា​ ជូនរដ្ឋវិញ​!

  • 2021-12-01 05:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​នៅ​ព្រឹកថ្ងៃ​ទី ០១ ធ្នូ ២០២១ ស្នង​ការ​រង​ខេត្ត​កំពង់ឆ្នាំង ឧត្តមសេនីយត្រី៍ ស៊ុំ សុជាតិ ស្ម័គ្រ​ចិត្ត​ប្រគល់​ជូន​រដ្ឋ​វិញ​នូវដីព្រៃលិចទឹកចំនួន ៦៧៥ហិកតា ដែល​លោក​បាន​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​កាល​ពីគ្រា​កន្លង​មក។ នេះ​បើ​តាម​គណនី​ហ្វេសប៊ុក​លោក ផែង វណ្ណៈ។

លោក ផែង វណ្ណៈ ជាអ្នកសារព័ត៌មានមួយ​រូប បាន​រាយការណ៍​ពី​ករណី​នេះ​លើ​គណនីហ្វេសប៊ុក​របស់​លោក ក្នុង​នោះ​លោក​បាន​បរិយាយ​ថា ឧត្តមសេនីយត្រី៍ គឺ​បុគ្គល​ម្នាក់​ល្បីល្បាញខាង​ឈូសឆាយ​យកដីព្រៃលិចទឹករបស់រដ្ឋនៅ​ខេត្ត​កំពង់​ឆ្នាំង​ និងជាអ្នកពូកែប្ដឹងចាប់​ប្រជាពលរដ្ឋ​ដែល​ចូលទៅក្បែរដីលោកដាក់គុកនោះ​ ពេល​នេះ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដីដែល​ខ្លួន​ទន្ទ្រាន​កាន់កាប់​យកដោយខុសច្បាប់​ចំនួន​ ៦៧៥​ ហិកតា​ ជូនរដ្ឋវិញ​ហើយ។

សកម្មភាព​នេះ គឺ​បន្ទាប់​ពី​មាន​បទបញ្ជា​ដ៏ម៉ឺងម៉ាត់របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ដោយ​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​បង្រ្កាប​ និង​ទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ជុំវិញបឹងទន្លេសាប ដែល​ក្រោយ​មក​មាន​ក្រសួង​ចំនួន​៣បាន​ទទួល​បន្ទុក​ចាត់ការលើ​ករណី​នេះ ។

ក្រសួងទាំង​៣នោះមាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹងនាំផ្ទាល់ដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម វេង សាខុននិង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំផ្ទាល់ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយក្រុមការងារអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធជំវិញខេត្តថែម​ទៀត។

មហាជន​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខេត្ត​កំពង់​ឆ្នាំ​ង​ កំពុងរង់ចាំតាមដានបន្ត​ តេី​មានមន្ត្រី​ ប៉ុន្មាន​នាក់​អាចប្រឈម​មុខចំពោះផ្លូវច្បាប់​ពាក់ព័ន្ធ​នឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញ​បឹងទន្លេសាប​? នេះ​បើ​តាម​លោក ផែង វណ្ណៈ។

បឹងទន្លេសាបជាអាងស្តុកទឹកធម្មជាតិនិងមច្ឆាជាតិ ដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយក៏ជាបឹងមួយដ៏ធំជាងគេនៅក្នុងតំប់អាស៊ីអាគ្នេយ៍ ជាពិសេសជាងនេះទៅទៀត បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣០០០គីឡូម៉ែត្រការ៉េ នៅរដូវប្រាំង និងមានទំហំចំនួន ១០០០០គីឡូម៉ែត្រការ៉េនៅរដូវវស្សា និងមានជាប់ខេត្តចំនួនប្រាំ ដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។

ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប មានផ្ទៃប្រមាណជិត ២៥ ម៉ឺនហិកតា ដែលជាជម្រកចាំបាច់ណាស់សម្រាប់ត្រីពងកូនខួបប្រាំងខួបវស្សា ដែលបម្រើជាឧត្តមប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់ជុំវិញបឹងទន្លេសាបនេះ៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់