- 2021-12-03 03:23:09
- ព័ត៌មាន
ទៀតហើយ ខេត្តព្រះសីហនុ កសាងបានទីលានសំរាមកម្រិតស្តង់ដាទី១ របស់កម្ពុជា
- 2021-12-03 03:23:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ ខេត្តព្រះសីហនុ កសាងបានទីលានសំរាមកម្រិតស្តង់ដាទី១ របស់កម្ពុជា
ចន្លោះមិនឃើញ
ខេត្តព្រះសីហនុដែលលេចហេដ្ឋារចនាសម្ព័ន្ធថ្មីល្អជាច្រើននោះ នៅពេលនេះខេត្តជាប់មាត់សមុទ្រមួយនេះ សម្រេចបានការកសាងទីលានចាក់សម្រាមទី១របស់កម្ពុជា ដែលការសាងសង់ គឺស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានថ្លែងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មកអ្នកសារព័ត៌មានធ្វើ។
នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងសំណល់រឹងសំរាមនទីលានចាក់សំរាមរបស់ខេត្តព្រះសីហនុដែលរៀបចំដោយក្រសួងបរិស្ថាន។ ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល ៥ឆ្នាំ ដោយកាយមាន ៤ រណ្តៅទំហំជាង ៥ ហិកតា ដែលអាចកាយកប់សំរាម ៧ ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាម ជិត ១លានតោន។
ឯកឧត្តមឲ្យដឹងបន្តថា នៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេសដូចគ្នានេះ យ៉ាងតិច ៦ ទៀត នឹងត្រូវដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះ ដែលគ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពតជាដើម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើការជាមួយដៃគូបន្ថែមទៀតដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើម ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។
តាមឯកឧត្តមរដ្ឋលេខាធិការ ក្នុងមួយថ្ងៃ សំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺន តោន ហើយក្នុងមួយឆ្នាំ សំណល់សំរាម មានប្រមាណ ៤ លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ – ៤០០ តោន ត្រូវបានបង្កើតឡើង ក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ ភាគរយ គឺជាសំរាមសំណល់ សរីរាង្គ , ២០ ភាគរយជាសំណល់ ប្លាស្ទិ ក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថាក្រសួងបរិស្ថានបានជំរុញឱ្យមានការញែកសំរាមតាមបច្ចេក ទេស និងធ្វើការកែច្នៃទៅតាមប្រភេទរបស់វា ដើម្បីកាត់បន្ថយការយកសំណល់សំរាមមកទាំងអស់មកចាក់នៅលើទីលាន ព្រោះសំណល់សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងញែកតាមប្រភេទ និងយកទៅកែច្នៃ។
ចំពោះខេត្តព្រះសីហនុ ឯកឧត្តម បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលយកចិត្តជាពិសេស លើការទុកដាក់ និងគ្រប់គ្រងសំណល់ សំរាមនេះ ដោយសារខេត្ត នេះជាខេត្តគោលដៅប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ជុំវិញបញ្ហានេះដែរ លោក ហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានសំរាមទីប្រជុំជន នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ទីលានចាក់សំរាមអូរតាសេករបស់ខេត្ត ក្នុង១ថ្ងៃ មានសំរាមប្រមាណ ៤០០តោន ប្រមាណ១០ ៥៧៤ តោន គិតក្នុងរយៈពេល ២៥ ថ្ងៃ (ចាប់ពីថ្ងៃទី០៥-៣០ ខែវិច្ឆិកា)។ ប៉ុន្តែសំរាមទាំងអស់ មិនមែនមកតែពីក្រុងព្រះសីហនុនោះទេ វាក៏មកពីស្រុកព្រៃនប់ ដែលអនុវត្តប្រតិបត្តិករ ចំនួនពីរក្រុមហ៊ុនដែរ៕