• 2021-12-06 02:14:48
  • ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវជាតិលេខ១១នៅក្រុងព្រៃវែងតម្លៃជិត១០០លានដុល្លារ

  • 2021-12-06 02:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវេលាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសារធារណដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១និងសាងសង់គន្លងផ្លូវវាងនៅក្រុងព្រៃវែង។

ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ពោលគឺការសាងស់នេះ គឺជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន មិត្តដែកថែបរបស់កម្ពុជា ក៏ដូចជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែរថា បើតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ៕

ប្រភព៖ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម