• 2021-12-07 10:48:00
  • ព័ត៌មាន

ក្រោយឃាត់មិនឲ្យលក់ទំនិញ ម្ហូបអាហារផ្លូវម្ដុំមុខពេទ្យរុស្ស៊ី ពេលនេះលែងស្ទះទៀតហើយ!

  • 2021-12-07 10:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើកំណាត់ផ្លូវលេខ២៧១ ខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រហូតដល់ខាងមុខខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងរងការកកស្ទះចរាចរណ៍ដោយការយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់អាជីវករដាក់លក់ទំនិញ អាហារ តាមរទេះនិងការដាក់តាំងលក់ទំនិញ សម្ភារៈ ឧបករណ៍ផ្សេងៗខាងមុខផ្ទះរឺខាងមុខហាងនោះពេលនេះមមានរបៀបរយល្អឡើងវិញនោះហើយ។ នេះបើតាមប្រភពផ្សាយ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ធ្នូ ២០២១នេះ។

ជាមួយគ្នានោះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ក៏បានឃាត់ម៉ូតូធ្វើដំណើរបញ្ច្រាសទិសចំនួន១៣គ្រឿង យកមកផាកពិន័យតាមផ្លូវច្បាប់នឹងការណែនាំដល់អាជីវករត្រូវបញ្ឈប់ការតាំងលក់ទំនិញ ម្ហូបអាហារ ឧបករណ៍សម្ភារៈផ្សេងៗ រំលោភលើទ្រូងផ្លូវនេះតទៅទៀតដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ឱ្យបានល្អប្រសើរ។

តាមប្រភពដដែលបានឱ្យដឹងទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅគោលដៅខាងលើគឺដើម្បីពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើងខណៈដែលនៅគោលដៅនេះគឺតែងតែរងការរះគន់ពីប្រជាពលរដ្ឋដែលធ្វើដំណើររងការកកស្ទះចរាចរណ៍ជាប្រចាំដែលផ្លូវមានភាពចង្អៀតដោយសារការរំលោភលើទ្រូងផ្លូវធ្វើអាជីវកម្មរបស់បងប្អូនអាជីវករនិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបើកបរបញ្ច្រាសទិស។

លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ការចុះអនុវត្តពង្រឹងលើការងារសណ្តាប់ធ្នាប់នេះផងដែរគឺកម្លាំងបន្តអនុវត្តម៉ឺងម៉ាត់បំផុតតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវវិធានការក្តៅក្នុងការចុះពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើង ដោយកម្លាំងបន្តត្រួតពិនិត្យជាប្រចាំ បើក្នុងករណីបងប្អូនអាជីវករមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច គឺនឹងចាប់យកទំនិញ ឧបរណ៍ សម្ភារៈ ដើម្បីផាកពិន័យតាមច្បាប់ ៕

ប្រភព៖​ ស្នងការនគរបាលរាជធានីភ្នំពេញ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់