• 2021-12-08 03:15:00
  • ព័ត៌មាន

សោកសង្រេងបំផុត! ពិធីដង្ហែព្រះសពនិងថ្វាយព្រះភ្លើងសម្តេចក្រុមព្រះ ពីព្រះដំណាក់ឆ្ពោះទៅតម្កល់នៅវាលព្រះមេរុ

  • 2021-12-08 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះជាវេលាដ៏សោកសៅក្ដុកក្ដួលរកទីបំផុតគ្មាន ដោយព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានធ្វើពិធីដង្ហែចេញពីព្រះដំណាក់ ឆ្ពោះទៅតម្កល់នៅវាលព្រះមេរុ មុខវត្តបុទុមវតី រាជធានីភ្នំពេញ ដើម្បីថ្វាយព្រះភ្លើង តាមប្រពៃណីសាសនា នៅវេលាថ្ងៃដដែលនេះ។

ប្រជាជនគ្រប់ជាន់ថ្នាក់ ក្នុងប្រទេសកម្ពុជាទាំងមូល កំពុងមានទុក្ខក្រៀមក្រំយ៉ាងក្រៃលែង ចំពោះការយាងចូលទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។ ពិធីដង្ហែរអមដោយព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ដង្ហែដោយជិះព្រះទីន័ង និងថ្មើរជើង សោកសៅដោយមានការរំភើបក្ដុកក្ដួលក្នុងចិត្ត។

ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងថ្វាយព្រះភ្លើងបូជាព្រះសពសម្ដេចក្រុមព្រះ ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាវេលាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី