• 2021-12-08 04:44:04
  • ព័ត៌មាន

សែនអាសូរ! មិន​ដល់ ១០​ឆ្នាំ សម្ដេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ បាត់បង់ញាតិវង្សានុវង្ស ៤ព្រះអង្គ!

  • 2021-12-08 04:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជានុរាស្ត្រខ្មែរក្រោមម្លប់ដ៏ត្រជាក់របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះបាទ សម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន និង​កំពុង​ចូល​រួម​រំលែក​ព្រះរាជមរណៈ​ទុក្ខ ក្រោយ​ព្រះ​អង្គ​ទាំង​ពីរ ទើប​នឹង​បាត់​បង់ សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាញាតិវង្ស​ទី៤ ដែល​បាន​បែក​ព្រះកាយរំលាយឋាន​ទៅ​លោក​ខាង​មុខ​ ក្នុង​រយៈ​ពេល​មិនដល់១០ឆ្នាំមក​នេះ។

កាល​ពី​ជិត ១០​ឆ្នាំ​មុន ព្រះអង្គ​ទាំង​ពីរ​បាន​ជួប​រឿង​ដ៏​សោកសៅ ក្រោយ​ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាងសោយទីវង្គត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ត​មក សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក៏​បានសោយទិវង្គតក្នុងព្រះជន្ម៧៦ព្រះវស្សាថែម​ទៀត នៅមន្ទីរពេទ្យទីក្រុងបាងកកប្រទេសថៃ ដោយរោគាពាធ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងត្រូវជាព្រះរៀមបង្កើត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

នៅ​មុន​នេះ​១​ឆ្នាំ អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពក្នុងព្រះជន្ម ៣៩ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងដំណើរជាមួយព្រះស្វាមី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីយាងចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ីប៉ិច កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពរបស់អ្នកម្នាងត្រូវបានបូជាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

ចុងក្រោយ​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាបុត្រ ជាព្រះរៀម​របស់​ទ្រង់ ក៏​បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នៅសាធារណរដ្ឋបារាំងកាលពី វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរានិងរោគាពាធ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

ប្រភព៖ Royal du Cambodge

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់