- 2021-12-09 03:10:00
- ព័ត៌មាន
មេទ័ពសំខាន់របស់ឥណ្ឌាម្នាក់ ស្ថិតចំណោមអ្នកស្លាប់១៣នាក់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ
- 2021-12-09 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេទ័ពសំខាន់របស់ឥណ្ឌាម្នាក់ ស្ថិតចំណោមអ្នកស្លាប់១៣នាក់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ
ចន្លោះមិនឃើញ
ប្រមុខកងកម្លាំងប្រដាប់អាវុធឥណ្ឌា ឧត្តមសេនីយ៍ ប៊ីពីន រ៉ាវ៉ាត បានស្ថិតចំណោមមនុស្ស១៣នាក់ដែលបានបាត់បង់ជីវិតកាលពីថ្ងៃពុធ នៅពេលឧទ្ធម្ភាគចក្រយោធាមួយដែលពួកគេជិះបានធ្លាក់នៅក្នុងរដ្ឋតាមឹល ណាឌូ។
ជនរងគ្រោះបានកំពុងធ្វើដំណើរចេញពីមូលដ្ឋានទ័ពអាកាសមួយទៅកាន់សាលាយោធានៅជើងភ្នំមួយក្នុងរដ្ឋតាមឹល ណាឌូ ភាគខាងត្បូង នៅពេលឧទ្ធម្ភាគចក្រផលិតនៅរុស្ស៊ីMi-17V5បានធ្លាក់នៅក្បែរទីប្រជុំជនឃូនួរ។
រូបភាពក្នុងទូរទស្សន៍ក្នុងស្រុកបានបង្ហាញ ពួកអ្នកជួយសង្គ្រោះនិងបុគ្គលិកយោធាសែងសាកសពចេញពីកន្លែងធ្លាក់។ បើតាមកងទ័ពអាកាស មនុស្ស១៤នាក់នៅរស់ពីការធ្លាក់នេះ និងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសមួយបាននិយាយថា «យើងមានការសោកស្តាយជាខ្លាំងដែលឧត្តមសេនីយ៍ ប៊ីពីន រ៉ាវ៉ាត ភរិយារបស់លោកនិងមនុស្ស១១នាក់ទៀតនៅក្នុងឧទ្ធម្ភាគចក្របានស្លាប់»។
លោករ៉ាវ៉ាត អាយុ៦៣ឆ្នាំ ត្រូវបានតែងតាំងជាប្រមុខទី១នៃកម្លាំងប្រដាប់អាវុធឥណ្ឌាដោយនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី នៅចុងឆ្នាំ២០១៩។មុខតំណែងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើសមាហរណកម្មសេវាកងកម្លាំងប្រដាប់អាវុធឥណ្ឌា គឺទ័ពជើងគោក ជើងទឹក និងទ័ពអាកាស។ ប្រភពរដ្ឋាភិបាលបាននិយាយថា សាកសពជាច្រើនបានឆេះខ្លោចយ៉ាងខ្លាំងដល់ថ្នាក់មិនអាចស្គាល់ថាជានរណាបានភ្លាមៗ។ លោកនាយករដ្ឋមន្ត្រីម៉ូឌី បាននិយាយថាលោកសោកសៅចិត្តជាខ្លាំងចំពោះការស្លាប់របស់លោករ៉ាវ៉ាត់ ដោយបានហៅឧត្តមសេនីយ៍រូបនេះថាជា«អ្នកស្នេហាជាតិពិត ។លោកបានចូលរួមចំណែកក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនិងគ្រឿងឧបករណ៍សន្តិសុខរបស់យើងច្រើណាស់»។
ក្នុងការបង្ហោះសារមួយ រដ្ឋមន្ត្រីការពារជាតិ រ៉ាណាត ស៊ីង បានហៅការស្លាប់របស់លោករ៉ាវ៉ាត ថា«ការបាត់បង់មិនអាចជួសជុលបានមួយចំពោះកងកម្លាំងប្រដាប់អាវុធនិងប្រទេស»។ ក្នុងពេលជាមួយគ្នាកងទ័ពអាកាសឥណ្ឌាបានបញ្ជាអោយស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ ៕