- 2021-12-12 02:21:38
- ព័ត៌មាន
សូមសរសើរដោយស្មោះ! ក្រុមផ្សងព្រេង «ដានជើង» សម្រេចជិះកង់ ១០០០គីឡូម៉ែត្រជុំវិញបឹងទន្លេសាប ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
- 2021-12-12 02:21:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមសរសើរដោយស្មោះ! ក្រុមផ្សងព្រេង «ដានជើង» សម្រេចជិះកង់ ១០០០គីឡូម៉ែត្រជុំវិញបឹងទន្លេសាប ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
ចន្លោះមិនឃើញ
ការធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ធម្មជាតិស្អាតៗ ឆ្ងាយដាច់ស្រយាល និងមិនសូវមានមនុស្សទៅដល់ បានក្លាយជារឿងដ៏ពេញនិយមពីក្រុមអ្នកផ្សងព្រេងនៅក្នុងប្រទេសកម្ពុជា ។ ការធ្វើដំណើរកម្សាន្តបែបផ្សងព្រង ពិតជាបានផ្ដល់នូវបទពិសោធល្អៗរាប់មិនអស់ បណ្ដុះចិត្តឱ្យអ្នកកាន់តែស្រលាញ់ធម្មជាតិ មានចិត្តចង់ថែរក្សាការពារសម្បត្តិធម្មជាតិ ហើយកាន់តែពិសេសនោះបានជួយផ្សព្វផ្សាយពីតំបន់សក្ដានុពលដ៏អស្ចារ្យជាច្រើនកន្លែងឱ្យកូនខ្មែរ និងពិភពលោកបានស្គាល់។ មិនត្រឹមតែជាការធ្វើដំណើរកម្សាន្តលម្ហែអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងនេះ ក៏បានចូលរួមចំណែកជួយដល់ប្រជាជននៅក្នុងសហគមន៍មានជីវភាពកាន់តែល្អប្រសើរ តាមរយៈចំណូលដែលបានមកពីភ្ញៀវទេសចរទាំងអស់នោះ។
ក្នុងចំណោមក្រុមអ្នកផ្សងព្រេងជាច្រើននៅក្នុងប្រទេសកម្ពុចជា គេកត់សម្គាល់ឃើញថា ក្រុមផ្សងព្រេងមួយឈ្មោះថា «ដានជើង» ត្រូវបានមហាជនស្គាល់ច្រើនជាងគេ និងតែងផ្ដល់នូវផ្ទាំងទស្សនីយភាពស្អាតៗពីតំបន់ធម្មជាតិនានា ចំណេះដឹងល្អៗជុំវិញការធ្វើដំណើរផ្សងព្រេង និងរូបភាពបែបកម្សាន្តជាច្រើនតាមរយៈទំព័រហ្វេសបុករបស់ពួកគេ។ យ៉ាងណាមិញថ្មីៗនេះ ក្រុមអ្នកផ្សេងព្រេង «ដានជើង» បានប្រកាសបង្កើតកម្មវិធីមួយ គឺការធ្វើដំណើរជុំវិញ បឹងទន្លេសាប មានចម្ងាយសរុបប្រមាណ ១០០០គីឡូម៉ែត្រ ដើម្បីបុព្វហេតុសង្គម គឺប្រមែប្រមូលថវិកា ដើម្បីជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។
«មូលនិធិដានជើង» នឹងធ្វើការប្រមូលផ្ដុំយុវជនជាច្រើនរូប ដើម្បីបណ្ដុះគំនិតស្រលាញ់ ការពារបរិស្ថាន និងជាពិសេសនោះបណ្ដុះគំនិតឱ្យយុវជនចេះចូលរួមសកម្មភាពសប្បុរសធម៌ ជួយដល់សង្គមជាតិ។ មិនត្រឹមតែជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះទេ មូលនិធិមួយនេះក៏នឹងជួយទៅដល់ កុមារកំព្រា ប្រជាជនដែលខ្វះខាត និងកំពុងត្រូវការជំនួយជាចាំបាច់។
នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមផ្សេងព្រេង «ដានជើង» បានចូលរួមចំណែកក្នុងសកម្មភាពសង្គម កន្លងទៅយុវជនមួយក្រុមនេះ តែងចូលរួមជំរុញការងារដំណើរផ្សងព្រេងជាច្រើន កៀរគរយុវជនចូលរួមដំណើរផ្សេងព្រេង ដើម្បីលើកស្ទួយដល់ជីវភាពបងប្អូនតាមសហគមន៍ឱ្យមានការងារធ្វើតាមរយៈការនាំភ្ញៀវទេសចរដើម្បីទទួលបានប្រាក់ចំណូល។ តាមសកម្មភាពទាំងនេះហើយ នាំឱ្យយុវជន ចូលដឹងកាន់តែច្រើន កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ សម្លាប់សត្វព្រៃ និងបណ្តុះគំនិតត្រឡប់មកការថែទាំបរិស្ថានធម្មជាតិ ហើយយុវជនមួយក្រុមនេះ ក៏មានចក្ខុវិស័យ រួមជាមួយឆន្ទៈមួយដើម្បីចូលរួមធ្វើការងារសង្គមមួយនេះយ៉ាងពិតប្រាកដ ៕