• 2021-12-23 03:42:02
  • ព័ត៌មាន

ដាច់​ណាត់​ហើយ! សម្តេចតេជោ ហ៊ុន សែន នឹងមិនអនុញ្ញាតឲ្យឡាន និងម៉ូតូ ដែលមិនបានបង់ពន្ធធ្វើចរាចរណ៍លើដងផ្លូវជាដាច់ខាត

  • 2021-12-23 03:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាកម្ពុជានឹងមិនអនុញ្ញាតឲ្យឡាន និងម៉ូតូណាដែលមិនបានបង់ពន្ធឲ្យរដ្ឋធ្វើចរាចរណ៍លើដងផ្លូវជាដាច់ខាត ។ការថ្លែងបែបនេះ របស់សម្តេចតេជោ បានធ្វើឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ៗ ថា កម្ពុជានឹងចាត់ការតាមផ្លូវច្បាប់តឹងរឹងបំផុត និងលែងអនុគ្រោះទៀតហើយ បើម្ចាស់រថយន្តមិនបង់ពន្ធក្រោយថ្ងៃ៣១ធ្នូ ២០២១នេះទេ និងមិនរួចខ្លួនឡើយ តែ នឹងមានការអនុគ្រោះពន្ធរហូតដល់១០ភាគរយ ក្នុងករណីម្ចាស់យានយន្តទៅបង់ពន្ធមុនថ្ងៃ៣១ ខែធ្នូ ត្រូវចូលមកបង់ពន្ធ នឹងទទួលបានអនុគ្រោះ ។

សម្ដេចបន្តថា តែក្នុងករណីក្រោយថ្ងៃ៣១ ខែធ្នូបើមិនបានបង់ពន្ធពេញលេញត្រឹមត្រូវនោះទេ មិនរួចខ្លួនឡើយ ដោយមិនឲ្យមានព្រឹត្តិការណ៍ច្រំដែលទៀតទេ ពោលគឺនឹងត្រូវមានចំណាត់ការតាមផ្លូវច្បាប់ ដោយមិនមានការអនុគ្រោះយោគយល់ដូចមុនៗនោះទេហើយចាប់ ពីពេលនេះទៅ មិនឲ្យមានវត្តមានរថយន្តប្រភេទចង្កូតស្ដាំបើកបរនៅលើផ្លូវដូចមុនទៀតឡើយ។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសពីកន្លែងបង់ពន្ធ គឺធ្វើនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ឬនៅតាមធនាគារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តាមអគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

អត្ថបទ៖ San Sothearort

មតិយោបល់