- 2021-12-28 07:29:15
- សេដ្ឋកិច្ច
ល្អខ្លាំងណាស់ ២០២២ កម្ពុជាអាចនាំទំនិញអនុគ្រោះពន្ធច្រើនមុខណាស់ទៅបរទេស
- 2021-12-28 07:29:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អខ្លាំងណាស់ ២០២២ កម្ពុជាអាចនាំទំនិញអនុគ្រោះពន្ធច្រើនមុខណាស់ទៅបរទេស
ចន្លោះមិនឃើញ
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយប្រទេសចំនួន ១៥ កម្ពុជានឹងអាចនាំទំនិញចេញទៅទីផ្សារអន្តរជាតិតាមប្រព័ន្ធអនុគ្រោះពន្ធបានច្រើនមុខណាស់។ នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជា។
តាមក្រសួងពាណិជ្ជកម្ម នៅថ្មីៗនេះ ប្រទេសកម្ពុជាបានសម្រេចកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានប្រទេសជាសមាជិកចំនួន ១៥ប្រទេស ក្នុងនោះមានសមាជិកអាស៊ានទាំង ១០ បូករួមជាមួយដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ទៀត គឺអូស្រ្តាលី ចិន ជប៉ុន កូរ៉េងខាងត្បូង និងណូវែហ្សឡង់។
នេះជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើមអាស៊ាន ដែលត្រូវបានប្រកាសឲ្យចាប់ផ្ដើមចរចាតាំងពីឆ្នាំ ២០១២ នៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីចូលជាធរមាននាថ្ងៃទី ០១ មករា ២០២២កិច្ចព្រមព្រៀងនេះគ្របដណ្ដប់ប្រជាជន ២.២លាននាក់ ស្មើនឹង៣០%នៃប្រជាជនទូទាំងពិភពលោក។ ជាមួយគ្នា ផលិតផលសរុបមាន ២៦.២ ទ្រីលានដុល្លារ ឬស្មើ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
បន្ថែមពីលើនេះដែរ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (អាសិប-RCEP) ក៏មានទំហំពាណិជ្ជកម្មប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូលដែរ។ ត្រឡប់មកវិញ ជាមួយផ្លែផ្កាដ៏ធំធេងនេះ កម្ពុជា នឹងទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន មានដូចខាងក្រោម៖
១.ទំនិញកសិកម្ម៖ គ្រាប់ស្វាយចន្ធី ពោត ដូង ស្វាយស្រស់ ចេក ដំឡូងជ្វា ទឹកឃ្មុំ ម្សៅរមៀត ក្រូច ល្ហុង ផ្លែផាសិន ខ្ទឹម ត្របែក ស្រកានាគ និងទុរេន។ល។
២.ទំនិញកសិកម្មកែច្នៃរួមមាន៖ គុយទាវ នំក្រៀម សំបុកត្រចៀកកាំ ទំនិញកែច្នៃពីត្រី ម្សៅដំឡូងមី ទំនិញកែច្នៃពីដូង ប្រេងសណ្ដែកដី សាច់ក្រក ទឹកម្ទេស ដំណាប់ចេក ដំណាប់ស្វាយ ដំណាប់ទុរេន និងមីកញ្ចប់។ល។
៣.ទំនិញឧស្សាហកម្ម៖ កង់ សំលៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក ខ្សែកាបអេឡិចត្រូនិក គ្រឿងសង្ហារិម ស្ករស ស្ករអំពៅ កាបូបយួរដៃ វ៉ាលី ខ្សែភ្លើង សម្ភារកីឡា ជ័រកែច្នៃ សំបកថ្នាំពេទ្យ ជ័រកៅស៊ូធម្មជាតិរាវ កៅស៊ូក្នុងទម្រង់បន្ទះ កៅស៊ូឡាតិច ក្រណាត់ក្រាល និងកំទេចឈើកែច្នៃ។ល។
ក្រៅពីទំនិញប៉ុន្មានក្រុមខាងលើ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះជាច្រើនទៀតដូចជា ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។
តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែល បើផ្អែកតាមលទ្ធផលសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូពា៌ហៅកាត់ "ERIA” បានបង្ហាញថា កម្ពុជានឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% និងវិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបប្រមាណ ២% លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន៕