• 2021-12-29 04:14:07
  • ព័ត៌មាន

ជំពាក់​បំណុល​ច្រើន​ឆ្នាំ ក្រសួង​ការពារ​ជាតិ​ស្នើ​សុំ​សម្ដេច​លុប​បំណុល​ថ្លៃ​អគ្គិសនី​ ជាង​៩ពាន់​លាន​រៀល​

  • 2021-12-29 04:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ធ្នូ​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ស្នើ​សុំ​គោលការណ៍​ពី​សម្ដេច​តេជោ ហ៊ុន សែន ដោយ​សុំ​លុប​បំណុល​ជាង ៩ពាន់​លាន​រៀល ដែល​ក្រសួង​ការពារ​ជាតិ​បាន​ជំពាក់​ថ្លៃ​ប្រើ​ប្រាស់​អគ្គីសនី របស់​អគ្គីសនី​កម្ពុជា។

តាម​សម្ដេច​ពិជ័យ​សេនា បំណុល​នេះ ជា​បំណុល​ដែល​បាន​គរ ពូន​ផ្ដុំ​រយៈ ពេល​ ៥ឆ្នាំ​មក​ហើយ ដោយ​គិត​ពី​ឆ្នាំ ២០១៦ រហូត​មក​ត្រឹម​ថ្ងៃ​ទី ៣ កញ្ញា ២០២១។ ក្នុង​រយៈ​ពេល​នេះ តាម​វិក្ក័យ​ប័ត្រ​របស់​អគ្គីសនី​កម្ពុជា​ផ្ញើ​ជូន​មក​ក្រសួង​ការពារ​ជាតិ មាន​ចំនួន​សរុប ៩ ១៩០ ០០០រៀល ស្មើ​នឹង​ជាង ២លាន​ដុល្លារ​អាមេរិក។

ការ​​កើន​ឡើង​នូវ​បំណុល​របស់​ក្រសួង​ការពារ​ជាតិ លើ​ការ​ប្រើ​ប្រាស់​អគ្គិសនី​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូស​បញ្ជាក់​ថា មាន​ហេតុផល​សំខាន់​ៗ​ដូច​ជា៖ ទី​១ ដោយ​សារ​ការ​កើន​ឡើង​នូវ​ការ​ប្រើ​ប្រាស់ ដោយ​ផ្អែក​ទៅ​លើ​ការ​រីក​ចម្រើន​នៃ​វិស័យ​ការពារ​ជាតិ​ជា​រៀងរាល់​ឆ្នាំ ជាក់​ស្ដែង​ពី​មុន អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​ការពារជាតិ មានតែ​១៦០អង្គភាព តែ​បច្ចុប្បន្នមាន ២៤០អង្គភាព​ហើយ ដែល​នេះ​ជា​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​ប្រើ​ប្រាស់​អគ្គីសនី​ជា​ចាំបាច់។

ទី​២​ទៀត ទន្ទឹម​នឹង​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​ប្រើ​ប្រាស់នេះ ងាក​មក​ឥណទាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​ដែល​ផ្ដល់​ដោយ​ក្រសួង​សេដ្ឋកិច្ច​វិញ នៅ​រក្សា​ចំនួន​ដដែល។ ស្ថានភាព​ខ្វះ​សមភាព​រវាង​ឥណទាន​ប្រើ​ប្រាស់​ថវិកា​ជាតិ និង​តម្រូវ​ការ​ប្រើ​ប្រាស់​ជាក់​ស្ដែង សម្ដេច​ពិជ័យ​ បាន​បញ្ជាក់​ថា បាន​ធ្វើ​ឲ្យ​ក្រសួង​ការពារ​ជាតិ កើត​បំណុល​បន្តិច​ម្ដងៗ​រហូត​ដល់​ជាង ៩ពាន់​លាន​រៀល​ក្នុង​រយៈ ពេល ៥ឆ្នាំ​ចុង​ក្រោយ។

ដូច្នេះ ឆ្លៀត​ឱកាស​នេះ សម្ដេច​ពិជ័យសេនា ស្នើ​សុំ​គោលការណ៍​ពី​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​លុប​ចោល​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ២លាន​ដុល្លារ​អាមេរិក​ខាង​លើ។ ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ សម្ដេច​តេជោ ហ៊ុន សែន ដែល​ចូល​រួម​ជា​អធិបតី​បើក​សម្ពោធ​អគារ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា សម្ដេច​នឹង ដាក់​ការងារ​នេះ​ជូន​ទៅ​ក្រសួង​ពាក់​ព័ន្ធ​ពិនិត្យ​ពី​លទ្ធភាព​ដែល​អាច​ទៅ​រួច។ "ខ្ញុំ​នឹង​ដាក់​ការងារ​នេះ​ទៅ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​អគ្គីសនីកម្ពុជា ពិនិត្យ​ថា​មាន​លទ្ធភាព​ប៉ុណ្ណា ថា​តើ​អាច​លុប​ទាំង​ស្រុង ៧០% ៥០% ឬ​ក៏ ៣០%...”។

ជាមួយ​ការ​ឆ្លើយ​តប​នេះ សម្ដេច​តេជោ បញ្ជាក់ដែរ​​ថា ក៏​នឹង​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ពិនិត្យ និង​បន្ថែម​ចំនួន​ឥណទាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​ទៅ​ក្រសួង​ការពារ​ជាតិ​ថែម​ទៀត ដោយ​យោង​លើ​របាយការណ៍​ពី​តម្រូវ​ការ​ប្រើ​ប្រាស់​អគ្គីសនី​ជា​ចាំ​បាច់។ យ៉ាង​ណា​ក៏​ដោយ សម្ដេច ក៏​ស្នើ​បណ្ដា​អង្គភាព​ទាំង​អស់​ទូទាំង​កង​យុទ្ធពល​ខេមរភូមិន្ទ សូម​ចូល​រួម​ប្រើ​ប្រាស់​ដោយ​សន្សំ​សំចៃ ដែល​ជា​ផ្នែក​មួយ​ប្រឆាំង​ការ​ខ្ជះខ្ជាយ​នឹង​ការ​ប្រើ​ប្រាស់​អគ្គីសនី ក្នុង​នោះ​សម្ដេច​លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​ឧបករណី​អគ្គីសនី​ដូច​ជា ការ​បើក​ម៉ាស៊ីន​ត្រជាក់​ចោល ឬ​ក៏​បើក​សីតុណ្ហភាព​ខ្ពស់​ពេក សុទ្ធ​តែ​ធ្វើ​ឲ្យ​កើន​ការ​ចំណាយ​ខ្ពស់។

ចំណុច​នេះ​ដែល នៅ​ក្នុង​សុន្ទរកថា​របស់​ខ្លួន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ដែរ​ថា សម្ដេច​គ្រោង​នឹង​ប្រជុំ​កម្រិត​អំពី​ការ​ប្រើ​ប្រាស់​អគ្គីសនី​នេះ ដើម្បី​ចូល​រួម​សន្សំ​សំចៃ​ថ្លៃ​ចំណាយ​លើ​ការ​ប្រើ​ប្រាស់​អគ្គីសនី​សម្រាប់​បណ្ដា​ឆ្នាំ​ខាង​មុខ៕

អត្ថបទ៖ ទារិកា

មតិយោបល់