- 2022-01-03 02:47:03
- ព័ត៌មាន
ជាក្ដីសង្ឃឹមសម្ដេចតេជោ៖ យើងនឹងមានស្ពានឆ្លងទន្លេមេគង្គ ពីភ្នំពេញទៅកាន់ទឹកដីស្វាយជ្រុំ
- 2022-01-03 02:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាក្ដីសង្ឃឹមសម្ដេចតេជោ៖ យើងនឹងមានស្ពានឆ្លងទន្លេមេគង្គ ពីភ្នំពេញទៅកាន់ទឹកដីស្វាយជ្រុំ
ចន្លោះមិនឃើញ
បន្ទាប់សម្រេចបានលទ្ធផលធំៗមួយចំនួន សម្ដេចតេជោ ហ៊ុន សែន បានឲ្យតម្រុយពីក្ដីសង្ឃឹមលើហេដ្ឋរចនាសម្ព័ន្ធថ្មីទៀត នោះ គឺស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅកាន់ទឹកដីស្វាយជ្រុំ នៃស្រុកល្វាឯម។
ថ្លែងបែបនេះ ក្នុងវេលាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជាសមិទ្ធផលធំមួយដែលកម្ពុជាសម្រេចបានក្រោមចំណងទាក់ទងរវាងកម្ពុជា-កូរ៉េ អស់រយៈពេលជាង ២០ឆ្នាំមកនេះ។
តាមសម្ដេចនាយករដ្ឋមន្ត្រី កម្ពុជាដែលជាស្ថាបនិកផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា និងកូរ៉េ គឺប្រទេសទាំងពីរបានផ្ដើមមានទំនាក់ទំនងចាប់តាំងពី ១៩៩៦-១៩៩៩៧ គឺប្រមាណ ២ឆ្នាំដែលកម្ពុជាបានក្លាយជាសមាជិកប្រទេសក្នុងតំបន់អាស៊ាននៅឆ្នាំ ១៩៩៩ ដែលពេលនោះ ក្នុងអាណត្តិប្រធានាធិបតីកូរ៉េ គឹម ដាយុង។
ស្ថានភាពនាពេលនោះ សម្ដេចនាយករដ្ឋមន្ត្រីថា ប្រសិនបើសម្ដេចមិនប្រឹងប្រែងបង្កើតឲ្យមានចំណងទាក់ទងជាមួយសមភាគីកូរ៉េទេនោះ នៅក្នុងកិច្ចប្រជុំអាស៊ាន ១០ ជាមួយនឹងកូរ៉េ គឺមានប្រទេសមួយដែលមិនមានទំនាក់ទំនងសោះជាមួយនឹងកូរ៉េ នោះគឺកម្ពុជា។ ដូច្នេះហើយសមិទ្ធផលនៅថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងផ្នែកទំនាក់ទំនងការទូតជាមួយប្រទេសនានារបស់កម្ពុជា។
បែបនេះសម្ដេចមានក្ដីសង្ឃឹមថ្មីទៀត ក្រោមផ្លែផ្កានៃទំនាក់ទំនងមួយនោះ។ សម្ដេចថ្លែង "ជាក្ដីសង្ឃឹម យើងនឹងមានស្ពានឆ្លងទន្លេមេគង្គមួយទៀត ពីភ្នំពេញ ទៅស្វាយជ្រុំ ល្វាឯមយើងនេះ!”។ ជាមួយគ្នា សម្ដេច ហ៊ុន សែន ក៏បានបង្ហាញនូវក្ដីសង្ឃឹមដែរថា នៅឆ្នាំ ២០២២ ពលករកម្ពុជា នឹងបន្តកើនឡើងទៅធ្វើការនៅកូរ៉េ ជាមួយនឹងទំហំពាណិជ្ជកម្មកាន់តែមានការរីកចម្រើនដូចគ្នា៕