• 2014-11-25 17:28:29
  • ព័ត៌មាន

ភ្នំពេញ​​នៅ​វិលវល់​​ជុំវិញ​​ប្រធាន​បទ​បាញ់​សម្លាប់​កណ្ដាល​រាជធានី​

  • 2014-11-25 17:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-សមត្ថកិច្ច និង​អ្នក​នាំ​ពាក្យ​បិទ​ទូរសព្ទ ​ទាក់ទង​លែងចូល​

-អ្នក​លេង​ហ្វេស​ប៊ុក​រឹត​តែ​​ដាក់​ទម្ងន់​ការ​សង្ស័យ​ទោះបី​សមត្ថកិច្ច​បាន​បដិសេធ​

-លោក​ខៃ ប្រសិទ្ធ​​ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ភ្លាមៗក្រោយ​ឃាតកម្ម​​មិនដល់១៥ម៉ោង​

-វិនិយោគិន​​ព្រួយ​បារម្ភ​ពី​​បញ្ហា​សុវត្ថិភាព​​កណ្ដាល​​ក្រុង​ភ្នំពេញ

-ឯក​ឧត្តម​ ខៀវ កាញារីទ្ធ ថា​បើ​ជា​សីលធម៌​​ គឺ​ ខុស បើ​វិជ្ជាជីវៈ​រឹត​តែ​ខុស

 

​ដំណើរការ​​​ស៊ើបអង្កេត​លើ​សំណុំ​រឿង​​បាញ់សម្លាប់​ឧកញ៉ា​​កណ្ដាល​រាជធានីភ្នំពេញ​កំពុង​ប្រព្រឹត្តិ​ទៅ ឯព្យុះ​ចចាមអារាម នៅតែ​បន្ត​លេប​ត្របាក់ភាព​​ស្ងប់​សុខ​​របស់​រាជធានី​នេះ​ ​ទោះបី​ហេតុការណ៍​​អកុសល​​បាញ់​សម្លាប់​​បុរសអ្នកមាន​ទ្រព្យ​ធន ​​បាន​រំលងទៅ ជិត​៧២​ម៉ោង​​ហើយ​ក៏ដោយ​។

 

នៅចំពេល​ដែល​ ការ​ជជែកនៅតែបន្ត​​មិន​ដាច់​ស្រេច​ក្នុង​ចំណោម​មហាជន​​ អំពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​បាញ់ប្រហារ?  អំពី​​អ្នកណាទៅ​ជា​ជន​ដៃ​ដល់​ ?ហើយ​ថា ​តើ​សមត្ថកិច្ច​អាច​បំបែក​ករណី​នេះ​បាន​ដែរ​រឺ​យ៉ាង​ណា?លេខ​ទូរសព្ទ​​អ្នកនាំពាក្យ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​មិន​អាច​ទំនាក់ទំនង​បាន​ទៀត​ឡើយ​នៅ​ព្រឹក​នេះ។

 

ទោះ​បី​យ៉ាង​ណា នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ចេញ​ឡើង​នៅ​ ព្រឹក​ថ្ងៃ​អង្គារ​នេះ អគ្គស្នងការរង​ និង​ ជា​អ្នក​នាំ​ពាក្យ​អគ្គស្នង​ការដ្ឋាន​គរបាលជាតិ​​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទ​ថារិទ្ធ ត្រូវ​បាន​ស្រង់​សម្តី​មក​ថា​ សមត្ថកិច្ច​កំពុងតែ​ពន្លឿន​ការ​ប្រមូល​ភស្តុតាង​នឹង​ឈាន​ទៅ​​វែកមុខ​ឃាតក ។

 

គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​

 

ប្រភព​ដដែល​ពណ៌នា​ថា ​ក្នុងចំណោម​គ្រាប់​កាំភ្លើង​ ដែល​បាញ់​ស្រោច​លើ​ជនរងគ្រោះ​ទាំង​ ១០ គ្រាប់ ហើយ​​បាន​ផ្ទុះ ចំនួន៦គ្រាប់ អាច​នាំ​សមត្ថកិច្ច​ទៅដល់​ការ​សន្និដ្ឋាន​ពី​ការ​​ព្យាយាម​អា​មេ បញ្ចូល​គ្រាប់​របស់​ឃាតក​ ហើយ​ថា​ សមត្ថកិច្ច រក​បាន​ពន្លឺ​ជា​ច្រើន​ទៀត​ ក្នុង​នោះ​កាមេរ៉ា​វីដេអូ​សុវត្ថិភាព​ក៏​ជា​​ផ្នែក​មួយ​យ៉ាង​សំខាន់​ ។

 

 

ស្លាកស្នាម ធ្វើ​កោសល្យវិច័យ អ្នក​រង​គ្រោះថ្នាក់​គឺ​ត្រូវ​ ចំ​ខ្នង​ធ្លាយ​ទៅ​ទ្រូង​ស្តាំ ត្រូវចំទ្រូងស្តាំ២គ្រាប់ បៀម​​គ្រាប់​ជាប់​ដង​កាំបិត​ឆ្វេង ​បៀម​គ្រាប់​ជាប់​ដៃ​ចំហៀង​ខាង​ស្កាំ និង​ ម្រាម​ដៃ​ស្ដាំ​ត្រូវ​បញ្ជិត ។

 

អ្នក​លេង​ហ្វេស​ប៊ុក​ដាក់​ការ​សង្ស័យ​

 

​ឃាតក​ដែល​ត្រូវ​បាន​ថត​ជាប់​នូវ​សកម្មភាព​បាញ់​ប្រហារ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ២៥ ខែ វិច្ឆិកា​ដែល​សរុប​ទៅ​ប្រមាណ​ជាង ៦០ ម៉ោង​ក្រោយ​ពេល​ករណី​ធ្វើ​ឃាត​ដ៏​គឃ្លើន បាន​កើតមានឡើង​នោះ​។

 

ទោះ​បី​យ៉ាងណា​មិនដល់៥ម៉ោង​ក្រោយ​ពី​ការ​បាញ់ប្រហារ​នោះ​​ផង​​វីដេអូ​ឃ្លី​ប​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បង្ហោះតាម​​បណ្ដាញ​សង្គម​ភ្ជាប់​ដោយ​ទាំង​ទស្សនៈ​វាយតម្លៃ​លើ​ជន​គួរ​អោយ​សង្ស័យ​ដែល​​ពាក់​ឯកសណ្ឋាន​ស៊ីវិល ស្រដៀង​នឹង​ឃាតក​តុបតែង​ខ្លួន​ពេល​ធ្វើ​សកម្មភាព។

 

ការ​បង្ហោះ​នោះ​បាន​បង្ក​នូវ​ការ​ជជែក​វែកញែក​មិន​ឈប់ឈរ​ក្នុង​ចំណោម​មហាជន​រហូត​ដល់ ​ឧត្ដម​សេនីយ៍​ត្រី​ជួន ណា​រិន្ទ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​​​ជន​ដែល​ត្រូវ​បាន​គេ​​​​បង្ហោះ​រូប​ក្នុង​ហ្វេ​ស​បុក​នោះ​គឺ​មន្ត្រី​​នគរបាល​ផ្នែក​អន្តរាគមន៍មកពី​​ខណ្ឌ​ចំការមន​មាន​​ឈ្មោះ​សុក ម៉ូ​នី​ត្រា ដែល​​ចុះ​​បំពេញ​ភារកិច្ច​នៅ​ទី​កើតហេតុ។ ​

 

រូបភាព​ដក​ចេញ​ពី Facebook

 

សន្តិសុខ​សង្គម​ស្ថិត​​នៅ​ជា​ចំណុច​ស៊ីប

 

ការ​បាញ់​សម្លាប់​ចុងក្រោយ​នេះ ​បាន​បន្ត​ធ្វើ​អោយ​មាន​ការ​រំជើប​រំជួល​ក្នុង​​មជ្ឈដ្ឋាន​អ្នកមាន​ប្រាក់​ នឹង​ទេសចរ​បរទេស​ជា​ច្រើន​ផង​ដែរ។ ក្នុងចំណោម​នោះ​ តារា​ភាពយន្ត​ខ្មែរ​ដ៏​ល្បីឈ្មោះ លោក​ខៃ ប្រសិទ្ធ​​ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ភ្លាមៗ ​មិនដល់​១៥​​​ម៉ោង​ក្រោយ​​អំពើ​ឃាតកម្មនេះ​កើតឡើង​។ «នេះ​ជា​ការ​ចាកចេញ​​មុន​កាល​កំណត់​របស់​គាត់!​ គាត់​ប្រាប់​ថា​ សន្តិសុខ​សង្គម​បាន​ធ្វើ អោយ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ដំណើរ​ត្រឡប់​មក​លេង​ស្រុក​កំណើត​និង​កិច្ចការ​មនុស្សធម៌​មួយ​ចំនួន​នៅ​ទីនេះ!»ប្រភពនិយាយ​ប្រាប់Sabay។

 

ប្រភព​ដែល​កំពុង​រួមគ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌ជាមួយ​សិល្បករ​ជាច្រើន ​រួមទំាង​​អណិកជន​​ខ្មែរអូស្ត្រាលី លោកខៃ​ប្រសិទ្ធ​ម្នាក់ដែរ​នោះ​​បាន​និយាយ​ប្រាប់ ​Sabay កាល​ពី​ល្ងាច​ម្សិលមិញ ហើយ​ថា​ តាម​ការ​គ្រោង​ទុក​ គឺ​លោក​ខៃ​ប្រសិទ្ធ​ត្រូវ​ត្រឡប់​ទៅវិញ​នៅ​ចុង​ខែ​ ១២ ​ឯណោះ។ «ខ្ញុំ​ និង ​គាត់​នៅ​មាន​ធុរៈ​មនុស្ស​ធម៌​​មួយ​ចំនួន​ទៀត​ប៉ុន្តែ គាត់​ហាក់​ភ័យ​តក់ស្លុត​ជា​ខ្លាំង​​និង​ការ​ធ្វើ​ឃាត​កណ្តាលក្រុង​នេះ!»

 

អ្នក​រងគ្រោះ​ជា​អ្នកមាន​​ទ្រព្យ​ធន​ក្នុង​វ័យ​ ៥៧ ឆ្នាំ

ឧកញ៉ា អ៊ឹង ម៉េងជឺ មាន​មុខរបរ​ជា​ថៅកែ​ស៊ីម៉ង់ត៍ ហាង​ពេជ្រ ​និង​ ដី​ធ្លី​មួយ​ចំនួន។ មុន​ពេល​រងគ្រោះ ​សាក្សី​បាន​ឃើញ​លោក​ជិះ​រថយន្ត​ឡិចស៊ីស Lexus 570 ពណ៌ឈាមជ្រូក មក​កាន់​ហាង​លក់​ផ្លែ​ឈើ​ក្បែរ​អាង​ទឹក​អូឡាំពិក។ ពេល​អ្នករងគ្រោះ​បើកទ្វា​រថយន្តចុះ មនុស្ស​ពីរនាក់​​ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បាន​លេចមុខ​ហើយ​អ្នក​ជិះខាងក្រោយ​ពាក់អាវ​ពណ៌​ពងមាន់ ពាក់​មួកកន្ទិប បានចុះពីលើម៉ូតូហើយ​ដកកាំភ្លើង​ខ្លីដេញ​បាញ់​លោកឧកញ៉ា អ៊ឹងម៉េងជឺ ទោះ​បី​លោក​ខំ​​រត់ក៏ត្រូវជនដៃដល់ដដែលនេះ បាញ់ប្រហារ​ស្រោចខ្លួន​បន្ថែមទៀត រហូត​ដល់​ដេកដួល​នៅនឹង​កន្លែង​៕​

 

វិនិយោគិន​​ព្រួយ​បារម្ភ​ពី​​បញ្ហា​សុវត្ថិភាព​​កណ្ដាល​​ក្រុង​ភ្នំពេញ

 

លោក​ឧកញ៉ា ចេង ខេង ​ប្រធាន​សមាគមអ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារអចល​នវត្ថុ​​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​​អចលនទ្រព្យ​​​ CPL Cambodia Properties Limited ​បាន​ស្ដី​បន្ទោស​ថា​​ឃាតកម្ម​​​លើ​ឧកញ៉ា​មាន​​ទ្រព្យ​សម្បត្តិ​​​ដែល​នៅ​តែ​​ស្ថិត​​ក្នុង​​ការ​តាម​ដាន​​លទ្ធផល​ពី​មហាជន​ ​ជា​ការ​គំរាម​​ស្រស់​ៗ​​លើ​សុវត្ថិភាព​ ​​សម្រាប់​អ្នក​វិនិយោគទុន​​​ទាំង​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស។ ​វា​រឹតតែជា​​​រូប​ភាព​​​​​ដ៏​អាក្រក់​​​សម្រាប់​កម្ពុជា​​​ដែល​កំពុង​ព្យាយាម​ទាក់ទាញ​វិនិយោគិន​​​ តែ​​​​ខ្មាន់​កាំ​ភ្លើង​អាច​បាញ់​បោះ​ឆៅ​ៗ​ទៅ​លើ​ជន​រង​គ្រោះ​​បែប​នេះ​​។  អ្នក​វិនិយោគ​ត្រូវការ​សំខាន់​ណាស់​នូវ​​សុវត្ថិភាព​ស្ងប់​សុខ។ ​លោក​ក៏​សម្ដែង​ការ​សោក​ស្ដាយ​​នូវ​​មរណភាព​​របស់​ឧកញ៉ា​​មាន​ជំនួញ​ច្រើន​មុខ​៖ "​គាត់​មាន​ធនធាន និង​​មុខ​​ជំនួញ​ច្រើន ​ដែល​​ជួយ​​ដល់​សង្គម​​ ផ្ដល់​ការងារ​​ ជួយ​​ឲ្យ​មាន​កំណើន​វិនិយោគ​ទុន​​"។

 

យោបល់​ឯក​ឧត្តម​ខៀវ កាញារីទ្ធ ជុំ​វិញ​ការ​​បន្ត​ភាគ​ ​​របស់​​បណ្ដាញ​ផ្សព្វផ្សាយលើ​ករណី​ឃាត​កម្ម​នេះ​

 

ឯក​ឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ មាន​ប្រសាសន៍​ថា "បើ​ជា​សីលធម៌​​ គឺ​ ខុស បើ​វិជ្ជាជីវៈ​រឹត​តែ​ខុស"។ ការ​លើក​ឡើង​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ​ បែប​នេះ​ គឺ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ Sabay ថា តើ​ឯក​ឧត្ដម​យល់​យ៉ាង​ណា​​នៅ​ពេល​ដែល​បណ្ដាញ​ផ្សព្វផ្សាយ​នានា​នៅ​តែ​បន្ត​ទទួល​ផល​​ចំណេញ​ពី​សេចក្តី​រាយការណ៍​និង​វិភាគ​ជុំវិញ​ករណី​ឃាត​កម្ម​នេះ​?

 

មតិយោបល់