• 2022-01-06 08:38:32
  • ព័ត៌មាន

រំភើបណាស់! កូនផ្សោតកើតថ្មីដ៏គួរឲ្យស្រឡាញ់មួយក្បាល ប្រទះឃើញហែលលេងនៅអន្លង់ផ្សោតកាំពី

  • 2022-01-06 08:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនផ្សោតដែលទើបតែនឹងកើតថ្មីដ៏គួរឲ្យស្រឡាញ់មួយក្បាលមានអាយុប្រមាណជាពីរសប្តាហ៍ ត្រូវបានប្រទះឃើញនៅ ខណ:ដែលកូនផ្សោតមួយនេះកំពុងតែហែលប្រឡែងលេងជាមួយក្រុមហ្វូងផ្សោតធំដទៃទៀត ដែលមានចំនួនប្រាំក្បាលនៅក្នុងអន្លង់ផ្សោតដ៏ល្បី កាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើយោងទៅតាមប្រភពពីអង្គការWWF ប្រចាំខេត្តក្រចេះ។

កូនផ្សោតដែលត្រូវបានកើតចេញនេះគឺជាដំណឹងដ៏សែនរីករាយពោពេញដោយក្តីរំភើបបំផុតសម្រាប់ដំណាច់ឆ្នាំ២០២១ ជាពិសេសសម្រាប់ហ្វូងសត្វផ្សោតអ៊ីរ៉ាវាឌី និងប្រព័ន្ធទន្លេមេគង្គទាំងមូល ដោយពពួកផ្សោតនៅអន្លង់កាំពីជាទូទៅត្រូវទទួលការគំរាមកំហែងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

បើតាម ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងឆ្នាំ២០២០ បានកត់ត្រាទុកសត្វផ្សោតកើតថ្មីសរុបចំនួន៩ក្បាល។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ មិនតែប៉ុណ្ណោះ យើងត្រូវរួមគ្នាការពារទន្លេមេគង្គ និងថែរក្សាលំហូរបែបធម្មជាតិរបស់វាឲ្យគង់វង្ស នាពេលឥឡូវនេះ មុនវាយឺតពេល។

គួរបញ្ជាក់ផងដែរ កូនសត្វផ្សោតមួយក្បាលថ្មីនេះគឺជាកូនទី៦សម្រាប់ឆ្នាំ២០២១ ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការWWF កត់ត្រាទុកកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។

ប្រភព៖WWF Cambodia

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់