• 2022-01-07 01:11:00
  • ព័ត៌មាន

ប្រពៃណាស់! អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

  • 2022-01-07 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាបានកំពុងនឹងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីធ្វើការពង្រឹងតួប្រាង្គឱ្យជាប់រឹងមាំឡើងវិញ ក្រោយមានការរំកិលថ្មចេញពីទីតាំងដើមនៅតាមចំណុចជ្រុងផ្សេងៗនៃប្រាង្គកណ្តាលរបស់អង្គរវត្ត។

តាមប្រសាសន៍របស់ លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចាក់ឱ្យដឹងថា ប្រាង្គបាកាណមានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង ហើយការរំកិលថ្មនេះទៀតសោតគឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និងថ្មតូចៗចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាល នៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្នុងតួប្រាង្គពុកផុយ បណ្ដាលឱ្យទម្ងន់ទាំងស្រុងសង្កត់មកលើថ្មភក់ស្រទាប់ខាងក្រៅបាក់បែក និងរំកិលចេញ។

គួរបញ្ជាក់ផងដែរថា បើតាមប្រភពពី លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ ឱ្យដឹងទៀតថា ក្រុមការងារបានជួសជុលនៅជ្រុងនិរតីតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមីនាឬខែមេសា ឆ្នាំ២០២២ខាងមុខ។ ការជួសជុលនេះធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់បំផុត។ ហើយប្រាង្គបាកាណនេះ ក៏ធ្លាប់ទទួលបានការជួសជុលម្ដងមកហើយកាលពីអំឡុងទសវត្សឆ្នាំ១៩៣០៕

ប្រភព៖អាជ្ញាធរអប្សរា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់