• 2022-01-12 10:23:26
  • ព័ត៌មាន

គំនិតល្អណាស់! លោកពូមេភូមិ និងអ្នកភូមិត្របែកទូង មកពីខេត្តកំពង់ស្ពឺរកគ្រាប់ត្នោត ១ម៉ឺនគ្រាប់ ឱ្យក្រសួងយកទៅដាំជុំវិញបឹងទន្លេសាប

  • 2022-01-12 10:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏គួរឱ្យកោតសរសើរមួយលោកពូមេភូមិមួយរូប ព្រមទាំងអ្នកស្រុក អ្នកភូមិជាច្រើននាក់ បានដើរប្រមែប្រមូលគ្រាប់ត្នោតបានរាប់ពាន់គ្រាប់ យកទៅជូនក្រសួងបរិស្ថាន ដើម្បីយកទៅដាំនៅតំបន់បីជុំវិញបឹងទន្លេសាបក្នុងគោលបំណង ជួយថែរក្សាការពារបរិស្ថាន ជាពិសេសដើមត្នោតដែលជាអត្តសញ្ញាណជាតិមួយរបស់ប្រទេសកម្ពុជា។

លោក *មុយ វី** និងតំណាងពីក្រសួងបរិស្ថាន

លោកប្រធានភូមិដែលមានគំនិតដ៏ល្អនេះ ឈ្មោះ មុយ វី បច្ចុប្បន្នលោកជាប្រធានភូមិ ត្របែកទូង ស្ថិតនៅក្នុងឃុំស្រង់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកពូប្រធានភូមិរូបនេះ ត្រូវបានប្រជាជនកោតសរសើរថា តែងមានគំនិតល្អ និងមានស្នាដៃជាបន្តបន្ទាប់ ជាពិសេសលោកមានគំនិតចូលរួមថែរក្សា ការពារនូវបរិស្ថាន។ ជាក់ស្ដែងថ្មីៗលោកមេភូមិរូបនេះ បានដឹកនាំប្រជាជនក្នុងភូមិត្របែកទូង ប្រមែប្រមូលរកគ្រាប់ត្នោត រហូតដល់ទៅ ១ម៉ឺនគ្រាប់យកទៅប្រគលដល់ទីស្នាក់ការរបស់ក្រសួងបរិស្ថានផ្ទាល់តែម្ដង ។ សកម្មភាពដ៏ល្អប្រពៃនេះ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ជាពិសេសក៏មានការគាំទ្រពី **លោក ឱម ម៉ាក់ធារី ** ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

លោក ឱម ម៉ាក់ធារី ** ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

គ្រាប់ត្នោត ១ ម៉ឺនគ្រាប់ពីប្រធានភូមិ និងអ្នកភូមិត្របែកទូង នឹងចូលរួមចំណែកយ៉ាងធំ ជួយឱ្យបរិស្ថានកាន់តែស្រស់បំព្រង ជាពិសេសជួយឱ្យដើមត្នោតកាន់តែមានច្រើនឡើងនៅក្នុងប្រទេសកម្ពុជាយើង។ គ្រាប់ត្នោតទាំងនេះ នឹងបន្តវេន ឱ្យកួនខ្មែរជំនាន់ក្រោយបានឃើញ និងស្គាល់ ពីរុក្ខជាតិដ៏មានអត្ថប្រយោជន៍មួយនេះ។

គួរឱ្យដឹងថា ដើមត្នោត មានអត្ថប្រយោជន៍រាប់មិនអស់ រាប់តាំងពីដើម រហូតដល់ស្លឹក ដល់ផ្លែ អាចយកទៅប្រើប្រាស់ និងកែច្នៃ បានជាផលិតផលច្រើនយ៉ាង។ ខេត្តកំពង់ស្ពឺ គឺជាទឹកដីប្រសិដ្ឋមួយ ដែលអំណោយផលដល់រុក្ខជាតិមួយប្រភេទនេះ ដុះច្រើនជាងគេទូទាំងប្រទេស ហើយស្ករត្នោតខ្មែរ ចេញពីខេត្តមួយនេះក៏មានភាពល្បីរន្ទឺផងដែរ ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់