• 2022-01-13 01:50:00
  • ព័ត៌មាន

មកដឹងអំពី! រូបព្រះគណេស ជាចម្លាក់ល្អឯកតាំងពីសតវត្សទី១០ នឹងត្រឡប់មកមាតុប្រទេសវិញឆាប់ៗនេះ

  • 2022-01-13 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសស្ដីពីការទទួលបានមកវិញនូវបេតិកភណ្ឌវប្បធម៌ខ្មែរវត្ថុបុរាណខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញពីអ្នកកាន់កាប់សមុច្ច័យឯកជននៅសហរដ្ឋអាមេរិក។ ចំណោមរូបចម្លាក់នឹងត្រូវបញ្ជូនមកកម្ពុជាវិញទាំង២៨ ក្នុងនោះចម្លាក់រូបព្រះគណេស ជាចម្លាក់គំរូល្អឯកតាំងពីសតវត្សទី១០ និងជាចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ដែលត្រូវបានគេលួច។

ទន្ទឹមនេះដែរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា រូបចម្លាក់ព្រះគណេសនេះគឺជាគំរូដ៍ល្អឯកមួយទៀតរបស់បុព្វបុរសខ្មែរយើង។ ព្រះគណេស គឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយអំពីឬទ្ធិអំណាចរបស់ព្រះ អង្គ ជាទេពនៃចំណេះដឹង និងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថាមានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញ ពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។

វត្ថុបុរាណដទៃទៀតមានដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមា ព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មី ធ្វើពីសំរិទ្ធ សតវត្សទី១០។ ការបញ្ជូនត្រឡប់មក វិញនេះ គឺបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរ យើង ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម។

ការទទួលបានមកវិញនូវ វត្ថុបុរាណជាបេតិកភណ្ឌវប្បធម៌ខ្មែរចំនួន ២៨រូប នេះគឺដោយមានការយោគយល់រវាងរដ្ឋាភិបាលសហអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនមកកម្ពុជាវិញ ដោយរដ្ឋាភិបាលសហអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ងាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យអង្កេតសុខមាតុភូមិសហរដ្ឋអាមេរិក ដំណើរការក្ដីក្នុងតុលាការរឹបអូស វត្ថុបេតិកភណ្ឌវប្បធម៌ខ្មែរដ៏មានតម្លៃនេះពី អ្នកកាន់កាប់សមុច្ច័យឯកជន៕

ប្រភព៖ ក្រសួងវប្បធម៌

អត្ថបទដោយ ៖ Su In

មតិយោបល់