• 2022-01-19 03:15:00
  • ព័ត៌មាន

អាជ្ញាធរព្រមានចាត់វិធានការក្ដៅហើយ! ចំពោះយានជំនិះគ្រប់ប្រភេទឈប់ឬចត និងលក់ដូរនៅចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប

  • 2022-01-19 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសជូនដំណឹងដល់សាធារណជនទាំងអស់ ពិសេសម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា បងប្អូនប្រជាពលរដ្ឋ ជ្រាបថារដ្ឋបាលខេត្តនឹងចាត់វិធានការចំពោះយានជំនិះគ្រប់ប្រភេទ ដែលឈប់ឬចត និង ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ក្នុងក្រុងសៀមរាប បើនៅតែពុំពាននិងសេចក្ដីប្រកាសរបស់អាជ្ញាធរបន្តទៀត។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់តាមផែនការដែលបានគ្រោងទុក ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនោះ ស្របតាមលក្ខណៈបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព ព្រមទាំងការពារបាន នូវបរិស្ថានរស់នៅល្អ បម្រើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និង ការដឹកជញ្ជូននានា។ បច្ចុប្បន្នដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប កំពុងដំណើរការ រៀបចំខឿនចិញ្ចើមផ្លូវ កម្រាលក្រានីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវ រដ្ឋបាលខេត្ត ពិនិត្យឃើញមានការចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលកំពុង សាងសង់។

រដ្ឋបាលខេត្ត ស្នើម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវបញ្ឈប់ការចតលើកម្រាលក្រានីត ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ក្នុងករណីនៅតែបន្តចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារៈផ្សេងៗលើនឹងត្រូវទទួលខុសត្រូវសងការខូចខាត ហើយអាជ្ញាធរមាន សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់