• 2022-01-20 03:23:44
  • ព័ត៌មាន

ក្រោយមន្ត្រីម្នាក់បោះបង់ការងាររដ្ឋចោល ដោយសារ​ថាប្រកាន់​បក្សពួកពេក ឯកឧត្តម ខៀវ កាញារីទ្ធ ពោល​ពាក្យសោកស្តាយ!

  • 2022-01-20 03:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមន្ត្រីរាជការម្នាក់ដែល មានឋានន្តរសក្តិ ថ្នាក់លេខ២នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងមានតួនាទីជាមន្ត្រីសាលាខេត្តបាន បោះបង់ការងាររដ្ឋចោលព្រោះប្រកាន់​បក្ខពួកពេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បាន​លើក​ឡើងថា **«សោកស្តាយ ។

នៅ​ថ្ងៃ​នេះ មាន​ផ្ទុះ​រឿង​ចេញ​ពី​ខេត្ត​បាត់ដំបង​ក្រោយ​មន្ត្រី​មួយ​រូប​ឈ្មោះ លី ឌីនូរី​ បាន​ប្រកាស​លា​ឈប់​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​ដែល​រូប​គេ​បាន​ប្រកប​អស់​រយៈ​ពេល​ជិត ២០​ឆ្នាំ​មក។ ការ​លា​ឈប់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ មន្ត្រី​រូប​នេះ អះអាង​ថា កន្លែង​ធ្វើ​ការ​របស់​លោក​ កើត​មាន​រឿង​ប្រកាន់​បក្សពួក​ និង​ការធ្វើ​ទុក​្ខ​បុកម្នេញ​លើ​រូបលោក​ខ្លាំង​ពេក។

ក្រោយ​រឿង​នេះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ពោល​ពាក្យ​សោកស្ដាយ។ "អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ តាមពិត ពណ៌ដែលមានច្រើនបំផុតក្នុងលោក គឺពណ៌ប្រផេះ ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និង បក្ខពួក គឺស្តើងណាស់ សំខាន់តើយើងមានជំនាញអីដែលគេត្រូវការយើងទេ ?

បើយោងតាមលិខិតផ្លូវការរបស់លោក លី ឌីនូរី ចុះកាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២២ បានផ្ញើជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកលី ឌីនូរីបានបញ្ជាក់យ៉ាងច្បាស់ៗ ថា លោកបានបំពេញការងារជាមន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧មក រហូតដល់ពេលបច្ចុប្បន្ននេះជាមន្ត្រីសាលាខេត្តបាត់ដំបង។ ចំពោះមូលហេតុនៃការបោះបង់ការងាររដ្ឋនិងតូនាទីនេះចោលគឺ ដោយសារខ្ញុំបាទពុំពេញចិត្តនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង ខ្ញុំបាទសូមគោរព ស្នើសុំលាឈប់ពីក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ។

យ៉ាណាមិញមុននឹងលោក លី ឌីនូរី ស្នើរខ្លួនសុំឈប់ដោយបោះបង់តំណែងក្របខណ្ឌមន្ត្រីរាចការស៊ីវិលក្រសួងមហាផ្ទៃ លោកក៏បានទទូលលិខិតអញ្ជើញលើកទី១របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោយពីលោកមិនបានទៅបំពេញការងារអស់រយ: ពេលពីរសប្តាហ៍ដោយគ្មានការអនុញ្ញាតិ្ត លោកក៏បានលើកឡើងទៅវិញថា ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ ៖

១.តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?

២.នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។

៣. បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប ។

សូមជម្រាបថានេះគ្រាន់តែជាការលើកឡើងរបស់លោកលី ឌីនូរីតែប៉ុណ្ណោះ សម្រាប់ដំណោះស្រាយយើងនឹងរង់ចាំចម្លើយពីខាងក្រសួងតមហាផ្ទៃជាបន្ត៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់