- 2022-01-23 03:00:44
- ព័ត៌មាន
អតីតអគារស្នងការនគរបាលកណ្តាលសម័យបារាំងអាយុ១៣០ឆ្នាំមានសភាពទ្រុតទ្រោមខ្លាំងគួរឲ្យព្រួយបារម្មណ៍
- 2022-01-23 03:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអគារស្នងការនគរបាលកណ្តាលសម័យបារាំងអាយុ១៣០ឆ្នាំមានសភាពទ្រុតទ្រោមខ្លាំងគួរឲ្យព្រួយបារម្មណ៍
ចន្លោះមិនឃើញ
អតីតអគារស្នងការនគរបាលកណ្តាលសម័យបារាំងគិតត្រឹមឆ្នាំ២០២២នេះ អគារនេះមានអាយុ១៣០ឆ្នាំហើយ។ អគារនេះមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាសម័យនោះតំបន់នេះជា សង្កាត់បារាំង គឺគ្រាដែលកម្ពុជានៅក្រោមត្រួតត្រារបស់បារាំង(១៨៦៣-១៩៥៣) គឺមានរយៈពេល៩០ឆ្នាំ ឆ្នាំ១៩៥៣កម្ពុជាទទួលបានឯករាជ្យមកវិញដែល ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ជាស្ថាបនិក។
អគារបេតិកភណ្ឌនេះត្រូវបានកសាងឡើងនៅឆ្នាំ ១៨៩២។ ដើមឡើយអគារនេះមាន២ជាន់តែប៉ុណ្ណេះតែនៅចុងទសវត្សវ៍ ១៩២០ និង ១៩៣០ ត្រូវបានកែសម្រួលឲ្យក្លាយទៅជាអគារដែលមានកម្ពស់៣ជាន់ មានរាងត្រីកោណ មានជណ្តើរនៅកណ្តាល មានបង្អួចធំៗធ្វើពីឈើ និងរនាំងបង្កាន់ដៃមានក្បាច់លម្អរាងប្រហោងៗ អគារចំណាស់នេះមានរចនាបថបែប អាតដេកូ (Art Deco) ប្រដៀងគ្នាទៅនឹងអគារនៅជុំវិញនោះដែលកើតក្នុងសម័យបារាំងដូចគ្នា។
នៅឆ្នាំ២០០២ អគារនេះធ្លាប់បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តបរទេសមួយដែលមានចំណងជើងថា «ទីក្រុងខ្មោច» ហើយអគារនេះមានឈ្នោះថា ប៊ែលលើវីល៍ (Belleville) រឿងនេះដឹកនាំដោយលោក មេត ឌីលុន (Matt Dillon)។
បច្ចុប្បន្នអគារបុរាណនេះបានក្លាយទៅជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឯកជនដ៏ល្បីមួយ។ អគារនេះមានសភាពទ្រុតទ្រោមខ្លាំង ប្រេះបាក់បែកជុំវិញ មិនអាចឡើងទៅជាន់ខាងលើបានឡើយ។ បរិវេណជុំត្រូវបានជួលបម្រើឲ្យវិស័យឯកជនផ្សេងៗដូចជា៖ កន្លែងលាងរថយន្ត កន្លែងលេងបាល់ទះ និងផ្នែកខាងក្រោមអគារផ្ទាល់បានក្លាយទៅជា កន្លែងលក់បាយឲ្យកម្មករសំណង់ បន្ចប់ស្នាក់នៅ កន្លែងដាក់អេតចាយ និងកន្លែងបោះដុំធ្យូង។ សព្វថ្ងៃអគារមានវ័យចំណាស់នេះ បានត្រឹមបន្សល់ទុកនូវប្រមោលអតីតកាល ហើយជោគវាសនានៃអគារនេះមិនច្បាស់លាស់លាស់ឡើយ៕