• 2022-01-25 04:35:00
  • ព័ត៌មាន

មកដឹងអំពី! រឿងដែលគួរធ្វើនិងមិនគួរធ្វើចំពោះឆ្នាំទាំង៤ ដែលត្រូវឆុងក្នុងឆ្នាំនេះ

  • 2022-01-25 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទងជនជាតិចិន ក៏ដូចជាខ្មែរដែលជាប់សែស្រឡាយចិន មានជំនឿខ្លាំងទៅលើហុងស៊ុយ ក៏ដូចជាក្បួនខ្នាតផ្សេងៗ។ ក្រៅពីនោះឆ្នាំកំណើតរបស់ពួកគេ ក៏យកចិត្តណាស់ផងដែរនៅពេលចូលឆ្នាំថ្មីម្តងៗ។

ប្រជាជនខ្មែរ ជាប់សែស្រឡាយចិនបាននិងកំពុងត្រៀមខ្លួនជាបណ្ដើរៗសម្រាប់ពិធីចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។ ដោយឡែកឆ្នាំថ្មីនេះជាឆ្នាំខាល ជាឆ្នាំកាចបន្តិចដែលជាធាតុភ្លើង គប្បីត្រូវប្រុងប្រយ័ត្នឲ្យបានច្រើន ពិសេសឆ្នាំវក កុរ ម្សាញ់ និងខាល ដែលឆុងខ្លាំង បើមិនប្រយ័ត្នទេនឹងអាចជួបគ្រោះកាច ខាតលាភទ្រព្យ ឬអាចនឹងកើតមានរឿងក្ដៅក្រហាយច្រើនផងដែរ។

តាមការជម្រាបជូនអំពីក្បូនខ្នាតរបស់ ឯកឧត្តមបណ្ឌិត ឡុង បូរ៉ា គ្រូហោរាសាស្ត្រល្បីឈ្មោះ និងជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គមនិងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឲ្យដឹងថា ចំពោះតំណមអ្នកឆ្នាំទាំង៤ដែលឆុង មានវក ម្សាញ់ កុរ និងខាល ដូចជា៖

ទី១. មិនត្រូវចូលរួមក្នុងកម្មវិធីបុណ្យសពក្នុងពេលវេលាដែលបើកមុខសពគឺហាមដាច់ខាត

ទី២. សម្រាប់មួយឆ្នាំពេញក្នុងឆ្នាំ២០២២នេះ គឺមិនត្រូវប្រើប្រាស់វត្ថុពណ៌ក្រហម ឬពណ៌លឿង ចំអង្សាទិស២២៥-២៥៥ឡើយ

ទី៣. ការសេពគប់ ឬទំនាក់ទំនងមនុស្សដែលមានឆ្នាំឆុងដូចគ្នា គឺត្រូវប្រយ័ត្នប្រយែង អាចកើតមានគ្រោះថ្នាក់ ឬហេតុការណ៍មិនល្អ គ្រោះធំ ស៊យធំនឹងកើតឡើងដោយនឹកស្មានមិនដល់

ចំពោះពិធីដែលត្រូវធ្វើដើម្បីឲ្យឆ្នាំដែលឆុងនេះមានភាពល្អប្រសើរ កាត់គ្រោះនោះ គឺអាចទៅសុំវត្ថុសែនព្រេនជាវត្ថុមង្គលនៅកន្លែងអ្នកតា ដូចជាអំពៅខ្មៅដាក់សែននៅផ្ទះកំឡុងពិធីសែនចូលឆ្នាំចិន នៅក្នុងម៉ោងកុរដើម្បីជាមង្គលល្អប្រសើរឡើងវិញ (ម៉ោងកុរ នៅម៉ោង ៩-១១យប់) ឬអាចរកមនុស្សដែលកើតឆ្នាំកុរ ជូននូវវត្ថុមង្គល (អ្វីក៏បាន) នៅក្នុងម៉ោងកុរ នោះនឹងទទួលបានជោគជ័យ កាត់គ្រោះចង្រៃ និងមានភាពល្អប្រសើរឡើងវិញ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់