• 2022-02-09 05:30:00
  • ព័ត៌មាន

ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅខែកក្កដា ឆ្នាំ២០២២នេះ

  • 2022-02-09 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសថា ផ្លូវល្បឿនលឿនចាប់ពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ ។ ដោយសារភាពសំខាន់ទាំងអស់នេះហើយ ទើបជម្រុញឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ពិសេសក្រុមការងារសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាន់តែបង្កើនល្បឿននៃការសាងសង់ដើម្បីដើម្បីបញ្ចប់ការងារក្នុងពេលវេលាដែលបានកំណត់ទុក និងសម្រេចដំណើរការ ប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltdចំណាយការវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់