- 2022-02-21 05:57:26
- ព័ត៌មាន
ហឹម...ម្ដាយគេម្ដាយយើង! អ៊ុំស្រីម្នាក់ តស៊ូរត់កង់បី១យប់ទល់ភ្លឺ យកលុយចិញ្ចឹមម្ដាយអាយុ ៧៧ឆ្នាំ ឃើញហើយជួយជិះផង!
- 2022-02-21 05:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហឹម...ម្ដាយគេម្ដាយយើង! អ៊ុំស្រីម្នាក់ តស៊ូរត់កង់បី១យប់ទល់ភ្លឺ យកលុយចិញ្ចឹមម្ដាយអាយុ ៧៧ឆ្នាំ ឃើញហើយជួយជិះផង!
ចន្លោះមិនឃើញ
បន្ទាប់ពីប៉ុន្មានថ្ងៃមុន មហាជនរំជួលចិត្តដោយសារលោកគ្រូបង្រៀនភាសាបារាំង ធ្លាក់ខ្លួនផ្ញើជីវិតលើចិញ្ចើមផ្លូវ ឥឡូវនេះ ប្រទះឃើញ អ៊ុំស្រីម្នាក់ អាយុ ៦០ទៅហើយ តស៊ូរត់កង់បី១យប់ទល់ភ្លឺដើម្បីយកប្រាក់ចិញ្ចឹមខ្លួន និងម្ដាយជរាម្នាក់។
ដំណឹងអំពីអ៊ុំស្រីវ័យ ៦០ ត្រូវបានបើកកកាយដោយគណនីហ្វេសប៊ុករបស់បវរកកញ្ញាប្រទេសកម្ពុជា Miss Grand Cambodia ឆ្នាំ២០១៨។ គណនីមួួយនេះ បានបង្ហោះរូបថតចំនួន២សន្លឹក និងសារភ្ជាប់ជាមួយថា "អ៊ុំស្រីអាយុ 60ឆ្នាំរត់ passapp នៅពេលយប់ ចញ្ចឹមម្តាយអាុយ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូនគាត់អត់កូន អត់ប្តីរាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក...អ៊ុំស្រី រត់កង់បីនៅម្តុំបាក់ទូក និង ផ្សាដេប៉ូ"។
សារនេះ បានធ្វើឲ្យប្រិយមិត្តនៅតាមបណ្តាញសង្គមហ្វេសប៊ុក កំពុងតែមានការរំជួលចិត្តខ្លាំង អាណិតដល់អ៊ុំស្រីជាខ្លាំង និងចង់ដឹងពីមូលហេតុនៃការតស៊ូពីជិវិតដ៏កម្សត់របស់អ៊ុំស្រី។
ជុំវិញបញ្ហានេះ តាមរយៈបទសម្ភាសន៍ជាមួយ Sabay បានឲ្យដឹងថា អ៊ុំស្រីមានឈ្មោះ សុខ លាភ មានអាយុ៥០ឆ្នាំហើយ ពុំមានគ្រួសារកូនចៅអ្វីនោះឡើយ មានតែម្តាយចាស់ជរាអាយុ៧៧ ឆ្នាំ និងចៅស្រីខាងបងប្អូនម្នាក់នៅក្នុងបន្ទុក។ សម្រាប់មុខរបររត់កង់បីឥណ្ឌានេះ អ៊ុំស្រីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ឯណោះ ដើម្បីដោះស្រាយបន្ទុកជីវភាព។
ដំបូងឡើយ អ៊ុំស្រីមិនមានប្រាក់ដើម្បីទិញកង់បីដាច់នោះទេ ដូច្នេះហើយដើម្បីបានកង់បីមកប្រកបរបរ អ៊ុំស្រីក៏បានដាក់ពាក្យស្នើសុំទីញដោយការបង់រំលស់។ ក្រោយក្រុមហ៊ុនយល់ព្រមតាមលក្ខខណ្ឌ អ៊ុំស្រីក៏យកមកប្រកបរបរដឹកភ្ញៀវ រយ:ពេល២ឆ្នាំហើយ។
អ៊ុំស្រីបានបញ្ជាក់ប្រាប់ Sabayបន្ថែមថា ដំបូងឡើយ ម្តាយរបស់អ៊ុំស្រីដែលមានអាយុជាង៧០ឆ្នាំ មិនអនុញ្ញាតិអោយគាត់មករត់រម៉កកង់បីឥណ្ឌាឡើយ ដោយសារខ្លាចកូនមានគ្រោះថ្នាក់ព្រោះរបរនេះមិនដែលមានមនុស្សស្រីជាង៥០ឆ្នាំឯណាមកធ្វើនោះឡើយ។ បន្ថែមពីលើេនះ ការងារនេះ តម្រូវអ៊ុំស្រីរត់ពេញមួយយប់ទល់ភ្លឺជារៀងថ្ងៃទៀត ដែលទាំងនេះមានហានិភ័យខ្ពស់ និងប៉ះពាល់សុខភាពថែម។
ប៉ុន្តែអ្វីៗ មិនមានជម្រើស ដូច្នេះហើយមានតែប្រថុយជាង នៅមួយកន្លែងចាំស្លាប់ដែរ។ គិតមកដល់ពេលនេះ អ៊ុំស្រីបានប្រកបរបរដឹកម៉ូយរហូតមកបានរយៈពេល ៤ឆ្នាំហើយ ហើយក៏នៅតែមានការភ័យខ្លាចដែរ។ "ខ្លាចដែរក្មួយខ្លួន ជាស្រី ហើយជាមនុស្សចាស់ទៀត មករត់រម៉កកង់បីឥណ្ឌាមួយយប់ទល់ភ្លឺអ៊ីចឹង តែធ្វើម៉េចដោយសារតែជីវភាពយើងគ្មានជម្រើសទេ បើមិនលះបង់ មិនជម្នះភាពភ័យខ្លាច យើងបានប្រាក់មកពីណាចិញ្ចឹមខ្លួននិងម្តាយចាស់ជរា"។
អ៊ុំស្រី សុខ លាភ ប្រាប់ថា ពេលខ្លះ ភ្ញៀវមានការភ្ញាក់ផ្អើល ដោយសារតែឃើញអ៊ុំស្រី ប្រកបរបរដែលមានការប្រឈមខ្លាំងមួយនេះ។ ដូច្នេះហើយ ខ្លះគេតីអាណិតអាសូរ ក៏បានជួយជិះហូរហែ តែមានភ្ញៀវខ្លះទៀត បែរជាធ្វើបាប ជិះមានអោយលុយ ក៏មានដែរ។
តាមទម្លាប់អ៊ុំស្រី សុខ លាភ តែងចេញរត់កង់បី នៅវេលាម៉ោង ៤ល្ងាច និងត្រឡប់ចូលផ្ទះវិញនៅពេលភ្លឺម៉ោងប្រមាណ ៩ ឬ ១០ព្រឹក។ រយៈពេល១យប់យ៉ាងប្រថុយប្រថាននេះ អ៊ុំស្រី អាចប្រាក់បាន ប្រមាណ ៤០០០០ ឬ ១០ដុល្ល្ារតែប៉ុណ្ណោះ។ ស្ត្រីចំណាស់កម្សត់ បានត្អូញថា អ៊ុំស្រីមានការនឿយហត់ខ្លាំង ប៉ុន្តែពិតមិនទម្លាក់ចុះបាន ដូច្នេះមានតែទ្រាំ និងមិនដឹងថាដល់ពេលណា ម្យ៉ាងសុខភាពក៏កាន់តែទ្រុឌទ្រោមណាស់ហើយ។
"ព្រោះតែជីវិតណាក្មួយ ឥឡូវនេះសុខភាពមិនសូវល្អទៀត រាល់ថ្ងៃអ៊ុំលំបាកណាស់ ហត់ណាស់!!!"។
សម្រាប់ប្រិយមិត្ត ដែលចង់ជួយឧបត្ភម្ភថវិការទៅកាន់អ៊ុំស្រី ដើម្បីសម្រាលការលំបាក អាចទំនាក់ទំនងទៅកាន់ លេខទូរស័ព្ទរបស់អុំស្រីដោយផ្ទាល់បាន ០៩៦៨៤៥៣៩៦០។