• 2022-02-22 04:10:00
  • ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩

  • 2022-02-22 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ២២ ខែ២ ឆ្នាំ ២០២២ នេះ បានអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងអស់ កុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដោយសារតែឃើញពលរដ្ឋសម្រុកទិញថ្នាំព្យាបាលកូវីដ១៩ គ្រប់ឱសថស្ថានទាំងអស់ដែលទទួលបានការអនុញ្ញាត ត្រូវយកចិត្តទុកដាក់កុំដំឡើងថ្លៃថ្នាំព្យាបាល ទៅតាមចិត្តចង់ និងផ្ដាំផ្ញើរឲ្យក្រសួងសុខាភិបាលត្រូវប្រុងប្រយ័ត្ន ឲ្យមែនទែនចំពោះថ្នាំក្លែងក្លាយ ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ជៀសវាងជនឆ្លៀតឱកាសចែកចាយថ្នាំក្លែងក្លាយដល់ពលរដ្ឋប្រើប្រាស់ នាំឲ្យកើតមានហានិភ័យផ្សេងៗកើតមានឡើង។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ច្បាស់ៗថា គ្មានការបិទផ្សារ បិទភ្នំពេញ បិទប្រទេសដូចពាក្យខ្សិបខ្សេវមួយចំនួនបានលើកឡើងនោះឡើយ។ សម្ដេចក៏សូមអំពាវនាវសូមកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ រត់ទៅទិញស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ទុក បង្កើតឲ្យមានការឡើងថ្លៃទំនិញខុសប្រក្រតី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ខ្ញុំសូមបញ្ជាក់អ្នកដែលនិយាយខ្សឹបខ្សៀវថានឹងមានបិទទីក្រុង បិទប្រទេសឡើងវីញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ សូមបញ្ជាក់កុំឲ្យមានការជ្រួលច្របល់ទៅទិញឥវ៉ាន់ទុក»៕

អត្ថបទដោយ ៖ សូ​ អីន

មតិយោបល់