- 2022-02-23 04:17:20
- ព័ត៌មាន
សូមអភិរក្សផង! សត្វទន្សោងព្រៃ នៅសហគមន៍ព្រៃឈើប្រាំបីមុំ អាចនឹងផុតពូជ ព្រោះអន្ទាក់ព្រានព្រៃ
- 2022-02-23 04:17:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមអភិរក្សផង! សត្វទន្សោងព្រៃ នៅសហគមន៍ព្រៃឈើប្រាំបីមុំ អាចនឹងផុតពូជ ព្រោះអន្ទាក់ព្រានព្រៃ
ចន្លោះមិនឃើញ
សត្វទន្សោងព្រៃ សត្វកម្រ និងជិតផុតពូជ នៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជម្រកសត្វព្រៃគ្រប់ប្រភេទមានទំហំប្រមាណជាង ១២០០ ហិកតា កំពុងតែទទួលរងការគំរាមកំហែងពីសំណាក់ព្រានព្រៃនៅក្នុងតំបន់ ខណ: ក្រុមមន្ត្រីសហគមន៍ ប្រាំបីមុំមានការព្រួយបារម្ភពីជាខ្លាំងដោយសារតែកន្លងមកក្រុមមន្ត្រីបានរកឃើញអន្ទាក់ព្រានជាច្រើននៅតែបន្តកើតមាននៅក្នុងព្រៃសហគមន៍។
ជាទូទៅសត្វទន្សោងព្រៃ ពួកវាចូលចិត្តរស់នៅជាហ្វូងៗ ដែលក្នុងមួយហ្វូងមានចាប់ពី ១៥ ក្បាលទៅជាង ៣០ ក្បាលតាមហ្វូងតូច និងហ្វូងធំ ហើយចំពោះសហគមន៍ព្រៃឈើប្រាំបីមុំបច្ចុប្បន្ននេះមន្ត្រីសហគមន៍សង្កេតឃើញមានវត្តមានសត្វទន្សោងមានចន្លោះ ១១០ ទៅ ១៣០ ក្បាលកំពុងរស់នៅក្នុងព្រៃសហគមន៍។នេះបើយោងទៅប្រភពពីគេហទំព័របស់សហគមន៍ព្រៃឈើប្រាំបីមុំកាលពីពេលកន្លងទៅ។
យ៉ាងណាមិញ សត្វទន្សោងព្រៃនាពេលបច្ចុប្បន្នគឺ ងាយរងគ្រោះបំផុតពេលពួកវាចេញពីព្រៃសហគមន៍ហើយទៅរកចំណីឬទឹកផឹកនៅចម្ការអំពៅ ដោយសារនៅទីនោះសម្បូរអន្ទាក់ព្រានព្រៃជាច្រើន ទើប សត្វទន្សោងតែងតែ ជាប់អន្ទាក់ខ្លះក៏ស្លាប់ និងរបួសជាញឹកញាប់ នាពេលកន្លងមក។ ដោយសកម្មភាពនៃការដាក់អន្ទាក់របស់ព្រានព្រៃនៅតែកើតមានជាហូរហែ ត្រូវការឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីមន្រ្តីមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្នុងតំបន់។
សូមជម្រាបថា សហគមន៍ព្រៃឈើប្រាំបីមុំបានកំពុង រួមសហការណ៍ជាមួយនឹងស្ថាប័ន ជំនាញជាច្រើន អាជ្ញាធរមូលដ្ឋានផងនោះព្រមទាំងអង្គការសម្ព័នមិត្តព្រៃដើម្បីធ្វើយ៉ាងណាឲ្យ សត្វព្រៃនៅតំបន់នេះរស់នៅបានល្អប្រសើរ ខណ:សព្វថ្ងៃក្រុមល្បាតបានលះបង់តស៊ូខិតខំពុះពារមិនថាយប់ឬថ្ងៃ ភ្លៀងឬខ្យល់អោយតែសត្វទាំងនោះមានសុវត្តិភាព ជាពិសេសក្រុមមន្ត្រីសហគមន៍ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ស្ថាប័នជំនាញពាក់ព័ន្ធ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីការពារ និងអភិរក្សសត្វព្រៃដ៏កម្រទាំងនោះឲ្យបានគង់វង្ស ត្រូវបញ្ឈប់ការបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់យកសត្វព្រៃតទៅទៀត ព្រាះពួកគេស្ទើរតែផុតពូជទៅហើយ ។
ប្រភព៖ សហគមន៍ព្រៃឈើប្រាំបីមុំ