• 2022-02-28 11:30:00
  • ព័ត៌មាន

គួរឲ្យស្ដាយ! យន្តហោះធំបំផុតរបស់ពិភពលោក ត្រូវបំផ្លាញខ្ទេចនៅអ៊ុយក្រែន

  • 2022-02-28 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះដ៏ធំបំផុតរបស់ពិភពលោកគឺ Antonov AN-225 ត្រូវបានបំផ្លាញខ្ទេចអំឡុងពេលការឈ្លានពានប៉ះទង្គិចគ្នារវាងប្រទេសរុស្ស៊ីមកលើអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញ ។ នេះបើយោងទៅតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៨ កុម្ភ: ឆ្នាំ២០២២នេះ ។

យោងទៅតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា យន្តហោះធំបំផុតនៅលើពិភពលោក ដែលជាយន្តហោះដឹកទំនិញមានឈ្មោះថា Antonov-225 របស់អ៊ុយក្រែន ត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ីនៅខាងក្រៅទីក្រុង Kyiv នាថ្ងៃទីបួននៃការលុកលុយចូលទីក្រុងម៉ូស្គូ។ ប្រភពដដែលបានបន្តថា យន្តហោះដ៏ធំសម្បើមមានតែមួយលើកលោកនេះ មានឈ្មោះជាភាសាអ៊ុយក្រែនថា «Mriya» មានន័យថា «សុបិន»

ក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Ukroboronprom ដែលជាអ្នកគ្រប់គ្រងយន្តហោះ Antonov-225 កាលពីថ្ងៃអាទិត្យបានចេញ សេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា យន្តហោះនេះត្រូវបានបំផ្លាញដោយរុស្ស៊ី ប៉ុន្តែនឹងត្រូវសាងសង់ឡើងវិញដោយការចំណាយរបស់រុស្ស៊ីផ្ទាល់ ដែលជាការចំណាយដែលវាមានតម្លៃ រហូតដល់ ៣ពាន់លានដុល្លារ គ្រោយចំណាយពេលច្រើនជាង៥ឆ្នាំឯណោះ ។

ទន្ទឹមនេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យថា «នេះគឺជាយន្តហោះដ៏ធំបំផុតរបស់ពិភពលោក នឹងជាក្ដីសុបិនរបស់អ៊ុយក្រែនយើង ហើយរុស្ស៊ីប្រហែលជាគិតថាការដែលបានបំផ្លាញ យន្តហោះដ៏ធំរបស់យើង ពួកគេនឹងអាចបំផ្លាញក្តីសុបិន្ត នៃរដ្ឋអឺរ៉ុបដ៏រឹងមាំ សេរី និងប្រជាធិបតេយ្យរបស់ពួកយើងបានហើយ។ នោះគឺទេ យើងនឹងឈ្នះ!»

យន្តហោះនេះមានលក្ខណៈពិសេសសម្រាប់ពិភពលោក ដែលមានប្រវែង ៨៤ម៉ែត្រ វាអាចដឹកជញ្ជូនទំនិញរហូតដល់ ២៥០តោន ក្នុងល្បឿនរហូតដល់ ៨៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាជាយន្តហោះដែល របស់ប្រទេសអ៊ុយក្រែនប្រើប្រាស់ជាឧត្តមប្រយោជន៍ជាច្រើនមកហើយ សម្រាប់ដឹកទំនិញ ហើយមានតម្រូវការ និងរួមចំណែកខ្ពស់ក្នុងអំឡុងពេលតម្រូវការនៃជំងឺរាតត្បាត COVID-19ផងដែរ ៕

ប្រភព៖ CNN អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់