- 2022-03-09 02:45:00
- ព័ត៌មាន
មកស្ដាប់ អាជ្ញាធរជាតិអប្សរា ពន្យល់ហេតុផល មិនគួរយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់
- 2022-03-09 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្ដាប់ អាជ្ញាធរជាតិអប្សរា ពន្យល់ហេតុផល មិនគួរយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់
ចន្លោះមិនឃើញ
ស្របពេលដែលមហាជន រិះគន់ចំៗពេក ទើបនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរាទើបតែមកប្រតិកម្មមិនគាំទ្រចំពោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់។
តាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ឯកឧត្ដម ឡុង កុសល ជាអគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ។ ទង់ជាតិគឺជានិមិត្តរូបជាតិ អាជ្ញាធរជាតិអប្សរាមិនគាំទ្រការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់បែបនេះ។
ឯកឧត្តម មានប្រសាសន៍ទៀតថា ទង់ជាតិត្រូវបានគោរព ដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិមាតុភូមិ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញបេសសកម្មមនុស្សធម៌នៅក្រៅ គឺជាតិតែងដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព និងដឹងគុណ។ ដូច្នេះ ការយករូបភាពទង់ជាតិមកធ្វើជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជានៅពេលដែលគេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏នៅពេលដែលសម្លៀកបំពាក់នោះប្រឡាក់ អ្នកខ្លះ មិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោលជាដើម។
បើតាមឯកឧត្តម ឡុង កុសល មានប្រសាសន៍ថាប្រសិនបើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេលមកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់មនុស្សជាតិ សូមជួយចូលរួមការពារបរិស្ថាន កុំបោសសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញលក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ និងគួរចតយានជំនិះនៅកន្លែងចំណត ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈនិងស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ ។
ក្រោយមានការប្រតិកម្ម មិនគាំទ្រឲ្យមានការយកសម្លៀកបំពាក់ច្នៃម៉ូតជាទង់ជាតិខ្មែររបស់អាជ្ញាធរជាតិអប្សរា ក៏មានមហាជនមួយចំនួនមិនពេញចិត្តនឹងការលើកឡើងបែបនេះផងដែរ ដោយសម្អាងលើហេតុផលរៀងៗខ្លួន ៕