- 2022-03-09 03:54:01
- ព័ត៌មាន
ឡូយណាស់ កម្ពុជា ផលិតបានបំពង់បឺតប្រភេទថ្មី ដែលអាចញុំាបាន ក្រោយប្រើប្រាស់រួច
- 2022-03-09 03:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់ កម្ពុជា ផលិតបានបំពង់បឺតប្រភេទថ្មី ដែលអាចញុំាបាន ក្រោយប្រើប្រាស់រួច
ចន្លោះមិនឃើញ
ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ក្រុមហ៊ុន TK&D Manufacturing ដែលមានមូលដ្ឋានក្នុងខេត្តពោធិ៍សាត់ បានដាក់ចេញនូវដំណោះស្រាយដ៏ប៉ិនប្រសប់ គឺបំពង់បឺតផលិតពីអង្ករ ដែលផលិតផលថ្មីនេះ គឺអាចទទួលទានបានតែម្ដង ក្រោយពេលប្រើប្រាស់រួច។
នេះ គឺជាផលិតផលដែលផលិតចេញពីអង្ករធម្មជាតិ និងម្សៅផ្លែឈើទាំងស្រុង ហើយវាត្រៀមចូលខ្លួនមកជំនួសបំពង់បឺតប្លាស្ទិកដែលមានជាតិពុល និងផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន។
លោក ហួរ រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាននិយាយថា ការសិក្សាដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា មានតែបំពង់បឺតដែលផលិតពីអង្ករប៉ុណ្ណោះដែលអាចជំនួសបំពង់បឺតប្លាស្ទិកធម្មតាបាន ព្រោះវាជួយដល់បរិស្ថាន និងលើកកម្ពស់សុខភាព។
“ថ្មីៗនេះខាង UNDP បានធ្វើការសិក្សាស្រាវជ្រាវមួយអំពីការស្វែងរកផលិតផលមកជំនួសផលិតផលប្លាស្ទិច។ ចឹងយោងទៅតាមការស្រាវជ្រាវរបស់ខាង UNDP និងតាមការពិនិត្យជាក់ស្តែងគឺមានតែបំពង់បឺតផលិតពីអង្គរនេះទេ ដែលអាចមកជំនួយផលិតផលប្លាស្ទិកបាន ដែលផលិតផលមួយនេះមិនប៉ះពាល់ដល់សុខភាព និង បរិស្ថាន"។ លោក ហួរ រិទ្ធី ថ្លែង។
ដើម្បីផលិតបានបំពង់បឺតសរីរាង្គនេះ គេត្រូវការវត្ថុធាតុដើម២ប្រភេទដែលមានដូចជា ម្ស៉ៅអង្ករ និង សារធាតុបង្កើតពណ៌ ដែលក្នុងនោះយើងយកផ្លែឈើមួយចំនួនមកផលិតទៅជាម្ស៉ៅ ដែលមានដូចជា ផ្លែចេក ដំឡូង ផ្លែស្វាយ ត្រាវ និងគ្រាប់កាហ្វេ។ គម្រោងនេះ បានទទួលការសាទរខ្លាំងពីគណៈដឹកនាំរដ្ឋបាលខេត្តពោធិសាត់។
លោក ចេង ឡៃ អភិបាលរងខេត្ត បានលើកឡើងថា “ខ្ញំុចាប់អារម្មណ៍ខ្លាំង ព្រោះថាយើងអាចញុំាបានបន្ទាប់ពីប្រើប្រាស់រួច ហើយកន្លងមកការប្រើប្រាស់បំពង់បឺតជ័រនៅពេលប្រើរួច អ្នកប្រើបោះចោល ចឹងវាបណ្តាលឱ្យប៉ះពាលដល់បរិស្ថាន ប៉ុន្តែសម្រាប់បំពង់បឺតនេះវាមិនប៉ះពាល់ដល់បរិស្ថាននោះទេ ប្រសិនជាយើងបោះចោល វាអាចក្លាយទៅជាជីធម្មជាតិថែមទៀត។”
តាមលោក ហួរ រិទ្ធី សព្វថ្ងៃនេះការប្រើប្រាស់បំពង់បឺតជ័រគឺរាប់លានក្នុងមួយថ្ងៃចឹងវាប៉ះពាល់ខ្លាំងដល់បរិស្ថាន។ ដូច្នេះប្រសិនអ្នកប្រើប្រាស់ផ្លាស់ប្តូរទម្លាប់មកប្រើបំពង់បឺតផលិតពីអង្ករវិញ នោះយើងអាចចូលរួមជួយដល់បរិស្ថានយើងពិតប្រាកដណាស់។ យ៉ាងណា លោកថា ពលរដ្ឋខ្មែរកាន់តែច្រើន បានងាកមកគិតពីបរិស្ថាន និងសុខភាព ដូច្នេះហើយ បំពង់បឺតផលិតពីអង្ករនេះ បច្ចុប្បន្នកំពុងទទួលបានការពេញនិយមបណ្ដើរៗហើយ។
“សព្វថ្ងៃទីផ្សាររបស់ផលិតផលយើងគឺមានការពេញនិយមណាស់ យើងបានចែកចាយស្ទើរតែគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តយើងកំពុងធ្វើការផ្សព្វផ្សាយជាបណ្តើរៗ។ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីបរទេស ដូចជាប្រទេស អូស្រ្តាលី អាមេរិច និងប្រទេសមួយចំនួននៅអឺរ៉ុប ក៏គាំទ្រផលិតផលរបស់យើងផងដែរ។”
ទោះយ៉ាងណា សមាជិកក្រុមប្រឹក្សាភិបាលដដែល បញ្ជាក់ថា បច្ចុប្បន្នគម្រោងមួយនេះ ក៏មានឧបសគ្គខ្លះដែរ នោះគឺពាក់ព័ន្ធនឹងតម្លៃអគ្គីសនី។ ដូច្នេះហើយ TK&D ស្នើរសុំដល់រាជរដ្ឋាភិបាលមេត្តាជួយសម្រួលតម្លៃអគ្គីសនីឱ្យមានតម្លៃទាបជាងពេលបច្ចុប្បន្នដើម្បី ផលិតបាននូវផលិតផលមួយដែលមានថ្លៃដើមទាប អំណោយផលសម្រាប់ការប្រកួតប្រជែងជាមួយផលិតផលប្លាស្ទិច។
ក្រៅពីនេះ សង្វាក់ផលិតកម្ម ក៏នឹងប្រឈមបញ្ហាមួយផ្សេងទៀតគឺការនាំចូលវត្ថុធាតុដើមពីបរទេស ដែលធ្វើឲ្យតម្លៃដើមផលិតផលនៅខ្ពស់។ ប៉ុន្តែលោក រិទ្ធី ថាបញ្ហានេះ ខាងសហគ្រាសកំពុងរៀបចំគម្រោងក្នុងការតម្លើងម៉ាស៊ីនផលិតវត្ថុធាតុដើមហើយ ដែលគម្រោងនេះអាចនឹងជួយដល់ប្រជាកសិករក្នុងតំបន់ឱ្យមានជីវភាពមួយល្អប្រសើរ តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់សហគ្រាសរបស់លោក៕