• 2022-03-09 09:20:00
  • ព័ត៌មាន

ផ្ទុះការមិនពេញចិត្តជាច្រើន ក្រោយការបកស្រាយរបស់អាជ្ញាធរអប្សរា ជុំវិញរឿងយកទង់ជាតិខ្មែរច្នៃម៉ូដសំលៀកបំពាក់

  • 2022-03-09 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋផ្ទុះការរិះគន់កាន់តែខ្លាំង ក្រោយអាជ្ញាធរជាតិអប្សរា ពន្យល់ហេតុផលមិនគួរយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ ហើយមហាជនខ្លះថា អាជ្ញាធរជាតិអប្សរាទើបតែមកប្រតិកម្ម ខណៈការស្លៀកពាក់បែបនេះមានយូរហើយ ឬស្របពេលដែលមហាជនរិះគន់ចំៗពេក ទើបចេញបកស្រាយបែបនេះ។

ក្រោយមានការប្រតិកម្ម មិនគាំទ្រឲ្យមានការយកសម្លៀកបំពាក់ច្នៃម៉ូតជាទង់ជាតិខ្មែររបស់អាជ្ញាធរជាតិអប្សរា បន្ទាប់មកក៏ផ្ទុះការរិះគន់ខ្លាំងៗពីមហាជនលើបណ្តាញទំនាក់ទំនងសង្គមតែម្ដង ដោយមហាជនសំដែងការមិនពេញចិត្តនឹងការលើកឡើងរបស់អាជ្ញាធរជាតិអប្សរានោះទេ ដោយសម្អាងលើហេតុផលរៀងៗខ្លួន ។ យ៉ាងណាមិញ មហាជនជាច្រើនយល់ថា «នេះជាទង្វើរបង្ហាញពីការស្រលាញ់ទង់ជាតិខ្មែរ និងកាន់តែបង្ហាញលើឆាកអន្តរជាតិទៅវិញទេ ម្យ៉ាងការស្លៀកពាក់បែបនេះពិតមិនឃើញខាតបង់អ្វីដល់ជាតិនោះទេ»

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះអាជ្ញាធរជាតិអប្សរា បានបង្ហោះសារ មិនគាំទ្រចំពោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់។ មន្ត្រីជាន់ខ្ពស់អាជ្ញាជាតិអប្សរា បានលើកឡើងថា ការយកទង់ជាតិខ្មែរដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ។ ទង់ជាតិគឺជានិមិត្តរូបជាតិ។

បើតាមអាជ្ញាធរជាតិអប្សរាថា បើចង់បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះ គឺនៅពេលមកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់មនុស្សជាតិ សូមជួយចូលរួមការពារបរិស្ថាន កុំបោសសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញលក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ និងគួរចតយានជំនិះនៅកន្លែងចំណត ដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈនិងស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់