• 2022-03-14 08:50:00
  • ព័ត៌មាន

កម្រមានណាស់! គូគេជ្រើសកន្លែងល្អស្អាតថតជាមួយគ្នា ប្លែកអីមួយគូនេះ ជ្រើសកន្លែងសុទ្ធតែផ្លាស្ទិកទៅវិញ

  • 2022-03-14 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាធ្លាប់តែឃើញគូស្នេហ៍ជាច្រើន ថតរូបPre-wedding ឬក៏ថតរូបមង្គលការរបស់ខ្លួនជ្រើសសុទ្ធតែប្លង់ថតស្អាតៗ កន្លែងដែលមានទេសភាពស្រស់បំព្រង ឬតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាដើម។ ដោយឡែកប្លែកអ្វី មួយគូនេះបែរជ្រើសកន្លែងសុទ្ធតែផ្លាស្ទិក មានថង់ មានដបទឹកសុទ្ធពោរពេញដោយគំនរសំរាប ថតរូបជាមួយគ្នាទៅវិញ ។

ប្រភពរូបភាព៖ The Nature Guardian

តាមរយៈទំព័រហ្វេសប៊ុកមួយមានឈ្មោះ The Nature Guardian បានបង្ហោះនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះបានបង្ហាញពី រូបភាព២សន្លឹក ដោយសសេររៀបរាប់ថា «មង្គលការលើឆ្នេរសមុទ្រផ្លាស្ទិក? សមុទ្រផ្លាស្ទិកសម្បូរដោយជីវៈចម្រុះដូចជាកំប៉ុងកាហ្វេ ថង់យួរ ដបទឹកសុទ្ធ។ល។ ដែលកើតឡើងចេញពីស្នាដៃមនុស្សយើង។ បច្ចុប្បន្នសមុទ្រនេះកំពុងចាប់ផ្តើមបំផ្លាញបរិស្ថានយើងបន្តិចម្តងៗ។ ដរាបណាអ្នកនៅតែមិនកាត់បន្ថយ និងមិនបញ្ឈប់ការប្រើប្រាស់ផ្លាស្ទិកទេនោះ នៅថ្ងៃអនាគតអ្នកនឹងត្រូវថតរូបជាមួយគំនរសម្រាមបែបនេះ។ ខ្ញុំជ្រើសរើសយកការកាត់បន្ថយផ្លាស្ទិក ដើម្បីបង្ហាញក្តីស្រលាញ់ដល់គ្រួសារ និងបរិស្ថាន។ ចុះអ្នកវិញ?»

ទន្ទឹមនេះដែរ បើតាមការបញ្ជាក់ប្រាប់ Sabay ពីទំព័រហ្វេសប៊ុក The Nature Guardian បានឲ្យដឹងបន្ថែមថា ចំពោះការថតនេះគឺជាការថតរូបបែបសិល្បៈ ឬក៏ការប្រើគំនិតច្នៃប្រឌិតតាមរយៈរូបភាព ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ក្នុងរូបនេះតួអង្គទាំង២មិនមែនជាគូរស្នេហ៍នោះទេ។ រូបនេះគឺគ្រាន់តែជាការសម្តែង ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ចំពោះបញ្ហាផ្លាស្ទិកប៉ុណ្ណោះ។ ហើយរូបភាពទាំងនេះសុទ្ធុតែកើតចេញពីគោលគំនិតរបស់យុវជនដែលស្រលាញ់បរិស្ថានសុទ្ធសាធ។

តាមរយៈរបាយការណ៍របស់ក្រសួងបរិស្ថានដែលបានផ្សព្វផ្សាយកន្លងមកបានឲ្យដឹងថា កំណើននៃការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិកក្នុងប្រទេសកម្ពុជា សព្វថ្ងៃ មានការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាកំហុក គិតចាប់តំាងពីការនាំចូលប្លាស្ទិកមក ប្រទេសកម្ពុជាជាង ២៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២, ០០០ ថង់ក្នុងមួយឆ្នាំ។ នៅក្នុងប្រទេសកម្ពុជា បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩ ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ ក្នុងមួយថ្ងៃ ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។ កំណើនបរិមាណសំណល់ប្លាស្ទិក បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ ដួចនេះពលរដ្ឋគ្រប់រូបត្រូវរួមគ្នាកាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់ផ្លាស្ទិក ព្រោះថាបើនៅបន្តប្រើប្រាស់ច្រើនបែបនេះនៅ ថ្ងៃអនាគតអ្នកនឹងត្រូវថតរូបជាមួយគំនរសម្រាមបែបនេះ ៕

ប្រភពរូបភាព៖ The Nature Guardian
ប្រភពរូបភាព៖ The Nature Guardian

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់