• 2022-03-18 05:05:00
  • ព័ត៌មាន

ប្រយ័ត្នស្ទះទៅមុខមិនរួច! នៅថ្ងៃទី២១ នឹងផ្អាកចរាចរផ្លូវជុំវិញមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនកុសមៈ បណ្ដោះអាសន្ន

  • 2022-03-18 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរាចរផ្លូវជុំវិញមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនកុសមៈ បណ្ដោះអាសន្ន នៅថ្ងៃទី២១ ខាងមុខនេះ។

ក្រសួងសុខាភិបាល និងមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសមៈនឹងរៀបចំពិធីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដែលស្ថិតនៅភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទី រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២)។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់