• 2022-03-18 07:45:59
  • ព័ត៌មាន

នេះ​ហើយ អាវុធ ២ប្រភេទ​របស់អាមេរិក ដែលអ៊ុយក្រែន​កំពុង​ប្រើ កង​ទ័ព​​រុស្សី​ពិបាករុល​ទៅ​មុខ​បំផុត

  • 2022-03-18 07:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកទល់ពេលនេះ មានរយៈពេលជិត ១ខែហើយ ដែលសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើង និងនៅតែបន្តយ៉ាងក្ដៅគគុក មិនទាន់មានអ្នកឈ្នះអ្នកចាញ់នៅឡើយ។

ទោះជារុស្ស៊ី ជាមហាអំណាចយោធាមួយនៅលើពិភពលោក ប៉ុន្តែប្រទេសនេះ នៅមិនអាចវាយផ្ដាច់យករដ្ឋធានីកៀវរបស់អ៊ុយក្រែនបាន ថែមទាំងរងការខាតបង់ជាច្រើន ដោយសារអ៊ុយក្រែនមានអាវុធ ពីរប្រភេទប្រឆាំងនឹងរថក្រោះ រថយន្តពាសដែក និងមួយ​ប្រភេទ​ទៀត ជា​អាវុធប្រឆាំងនឹងយន្តហោះឈ្មោះ FGM-148 Javelin និង FIM-92 Stinger របស់អាមេរិក។

អាវុធ FGM-148 Javelin គឺជាកាំជ្រួចប្រឆាំងរថក្រោះចល័តដែលផលិតដោយអាមេរិក ដែលបានដាក់តាំងតែពីឆ្នាំ ១៩៩៦ ដើម្បីជំនួសកាំជ្រួចប្រឆាំងរថក្រោះប្រភេទ M47 Dragon នៅក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិក។

អាវុធប្រភេទនេះជាប្រភេទ អាវុធស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យកងទ័ពដំណើរការវាយប្រហារ ក្រោយពីបើកគម្របភ្លាមៗ ខុសពីអាវុធដទៃដែលប្រើ​ប្រព័ន្ធបញ្ជាដោយប្រើខ្សែ។

ក្បាលគ្រាប់របស់ Javelin មានសមត្ថភាពកម្ចាត់រថក្រោះទំនើបៗ ដោយបាញ់គោលដៅផ្នែកខាងលើ ហើយគេក៏ប្រើវា ប្រឆាំងនឹងការចល័ត រថយន្ត រថពាសដែក និងក្បួនយោធាផ្សេងៗទៀតរបស់ពួកសត្រូវ។ គិតត្រឹមឆ្នាំ ២០១៩ អាវុធ Javelin ត្រូវបានគេប្រើប្រាស់ក្នុងសង្គ្រាមដោយបាញ់កម្ទេចគោលដៅ ជាង ៥០០០ទីតាំង។

សមត្ថភាពរបស់អាវុធ Javelin អាចបាញ់កម្ទេចទីតាំង​ល្អបំផុតនៅរយៈចម្ងាយ ២៥០០ម៉ែត្រ តែអាចបាញ់ដល់​រហូត​ ៤០០០ម៉ែត្រ។

អាវុធ FIM-92 Stinger គឺជាប្រព័ន្ធការពារដែនអាកាសចល័ត​(MANPADS) ដែលដំណើរការ ដោយកាំជ្រួច ភាគច្រើនបាញ់ចេញពីដីទៅអាកាស។

ប៉ុន្តែវា​អាច​ត្រូវ​បាន​គេបំពាក់​តាម​ការ​បាញ់​ពី​យានជំនិះ និង​ឧទ្ធម្ភាគចក្រ​ផងដែរ។ អាវុធប្រភេទនេះបង្កើតឡើងនៅសហរដ្ឋអាមេរិក ហើយដាក់ឲ្យប្រើនៅឆ្នាំ ១៩៨១ ហើយត្រូវបានប្រើប្រាស់ដោយយោធារបស់សហរដ្ឋអាមេរិក និងប្រទេសចំនួន ២៩ ផ្សេងទៀត។

វាគឺជាកាំជ្រួចពីដីទៅអាកាសដែលអាចបាញ់បានដោយទាហានតែម្នាក់បាន ដោយមិនត្រូវការជំនួយពីទាហានផ្សេងទៀត។ កាំជ្រួច FIM-92B ក៏អាចបំពាក់ និងបាញ់ចេញពីរថយន្តប្រយុទ្ធ M-1097 Avenger និងរថគ្រោះ M6 Linebacker។

សមត្ថភាពរបស់កាំជ្រួច FIM-92B អាចបាញ់កម្ទេចគោលដៅពីចន្លោះ ៣,៨គីឡូម៉ែត្រ ទៅ ៤,៨ គីឡូម៉ែត្រ៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម