• 2022-03-23 04:32:29
  • ព័ត៌មាន

ជាង ២០​ឆ្នាំ​ហើយ សម្ដេច​ទើប​បញ្ចេញ​៖ មាន​ស្ត្រី​ម្នាក់​ព​កូន​មក​ទារ​លុយ​ពី​សម្ដេច រឿង​ជ្រូក​ងាប់

  • 2022-03-23 04:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​បាន​លើក​ឡើង​ពីហេតុការណ៍​គួរ​ឲ្យ​ហួស​ចិត្ត​ហួស​ចិត្ត​មួយ​កើត​ឡើង​កាល​ពី​ជាង ២០​ឆ្នាំមុន ដែល​មាន​ស្ត្រី​ម្នាក់​ព​កូន​តូច​អាយុ​ជាង​១​ឆ្នាំ​មក​ទារ​លុយ​ពី​សម្ដេច​រឿង​ជ្រូក​គាត់​ងាប់។

សម្ដេច​នាយករដ្ឋមន្ត្រី រំលឹក​ឡើង​វិញ​ថា ហេតុការណ៍​កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៥ វេលា​ដែល​សម្ដេច​បាន​ចុះ​ទៅ​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​ក្រាំងយ៉ូវ។ គ្រា​នោះ​សម្ដេច​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដំណើរ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នោះ​ដោយ​ផ្ទាល់ ដោយ​សម្ដេច​ពេល​នោះ កំពុង​ពិនិត្យ​មើល​ពី​ផែនការ​សាង់សង់​សាលា​រៀន​ថ្មី ជំនួស​អាចាស់​ដែល​ត្រូវ​វាយ​កំទេច​ចោល។

ពេល​កំពុង​តែ​ឈរ​មើល​ការងារ ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ដែល​នៅ​នឹង​ដៃ​មាន​ព​កូន​តូច​អាយុ​ប្រមាណ​ជាង ១ឆ្នាំ​មក រត់​សំដៅ​មក​រក​សម្ដេច។ "កំពុង​តែ​ពិនិត្យ​អាហ្នឹង ស្រាប់​តែ​ប្អូន​ស្រី​ម្នាក់​ព​កូន​ទៅ​តាហ្មង...ទៅ​ដល់​ស្រាប់​តែ "សម្ដេច​ៗ​សង​លុយ​ខ្ញុំ​មក!”។

ភ្លាម​ៗ​សម្ដេច​តេជោ ហ៊ុន សែន ស្រឡាំងកាំង នឹង​បាន​សួរ​បក​ទៅ​វិញ​លើ​ស្ត្រី​ព​កូន​ថា តើ​សង​រឿង​អ្វី? ស្ត្រី​រូប​នោះ បញ្ជាក់​ថា សង​រឿង​ជ្រូក​របស់​គាត់​ត្រូវ​ឡាន​បុក​បណ្ដាល​ឲ្យ​ស្លាប់។ ភ្លាម​សម្ដេច​បាន​ហៅ​កង​អង្គរក្ស​មក​សួរ ថា​តើ​មាន​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​របស់​ស្ត្រី​រូប​នោះ​ក៏បាន។ ក្រោយ​សាក​សួរ គឺ​មិន​មាន​អង្គរក្ស​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​ជ្រូក​នោះ​ស្លាប់​នោះ​ទេ ប៉ុន្តែ​ជា​រថយន្ត​ប្រជាពលរដ្ឋ​ដឹក​ស្រូវ​ប៉ុណ្ណោះ​ជា​អ្នក​បុក។

ទោះ​យ៉ាង​នេះ សម្ដេច​ថា ស្ត្រី​ចិត្ត​ស្លុយ​រូប​នោះ នៅ​តែ​មិន​ព្រម​ឡើយ។ "គាត់​ថា ឡាន​ពីណា ​ក៏​ដូច​ឡានពីណា មក​ពី​ធ្វើ​ផ្លូវ​ល្អ បាន​ឡាន​បុក...(សើច)!”។ ចុង​ក្រោយ សម្ដេច​បញ្ជាក់​ថា សម្ដេច​បាន​ជូន​លុយ​មួយ​ចំនួន​ដល់​ស្ត្រី​រូប​នោះ។

សម្ដេច​តេជោ ហ៊ុន សែន លើក​ពី​ករណី​ខាង​លើ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដែល​កម្ពុជា​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ជាតិ​លេខ​២១​ពី​ក្រុង​តាខ្មៅ​ទៅ​កាន់​ស្វាយជ្រុំ ដែល​សម្ដេច​លើក​ឡើង​ថា មាន​ផ្លូវ​ស្អាត​ល្អ​ហើយ ត្រូវ​បើក​បរ ក៏​ដូច​ជា​ប្រើ​ប្រាស់​ផ្លូវ​ដោយ​ការ​ទទួល​ខុសត្រូវ និង​ត្រូវ​ប្រយ័ត្ន​គ្រប់​ពេល ចៀសវាង​កើត​មាន​មាន​គ្រោះ​ជា​យថាហេតុ មក​បន្ទោស​អ្នក​អភិវឌ្ឍន៍​ដូច​ករណី​ខាង​លើ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី