• 2022-04-01 03:48:25
  • ព័ត៌មាន

បើអនុវត្តបានគ្រប់ខេត្តបែបល្អ! ពេលនេះឯក ម៉ៅ ធនិន ឲ្យបង្ក្រាប អ្នកលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងខេត្តកំពត

  • 2022-04-01 03:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីទាំងអស់ ត្រូវតែចូលរួមរាយការណ៍អំពីការលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈលេខទូរស័ព្ទទៅកាន់ឯកឧត្តមផ្ទាល់ ដើម្បីមានវិធានការ ចុះបង្ក្រាបទៅដល់ទីតាំងនោះបានទាន់ពេលវេលា។ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្រៀន គ្រូពេទ្យ គ្រួសារម៉ូតូឌុប និងតាក់ស៊ី ចំនួន ២ពាន់នាក់ក្នុងស្រុកទឹកឈូ ខេត្តកំពតឈូ កាលពីពេលកន្លងទៅ។

ឯកឧត្តមអភិបាលខេត្តបានគូសយ៉ាងបញ្ជាក់ច្បាស់ៗថា អាជ្ញាធរត្រូវការការចូលរួមសហការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលនេះជាកាតព្វកិច្ចពលរដ្ឋល្អមួយរូប ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព ដើម្បីលុបបំបាត់ឱ្យបាននូវការលេងល្បែងស៊ីសងខុសច្បាប់។

ឯកឧត្តមម៉ៅ ធនិន បានបន្ថែមថា ការលេងល្បែងស៊ីសងខុសច្បាប់នេះ គឺអាចបង្កឱ្យកើតមានជាអំពើចោរកម្ម អំពើហិង្សាផ្សេងៗ និងធ្វើអោយមូលដ្ឋានរបស់យើងកើតមានភាពអសន្តិសុខ ដូច្នេះត្រូវតែសហការណ៍ទាំងអស់គ្នាដើម្បីលុបបំបាត់ការលេងលែ្បងស៊ីសងនេះឲ្យបាន ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់អាជ្ញាធរ ពិសេសកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានទាំងអស់ ត្រូវតែមានភាពសកម្មបំផុតក្នុងការចុះបង្ក្រាបទីតាំងដែលលេងល្បែងស៊ីសងឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់