• 2022-04-05 09:25:00
  • ព័ត៌មាន

ស្គាល់ផ្កាមួយប្រភេទនេះទេ? ឱ្យតែដល់រដូវចូលឆ្នាំខ្មែរសប្បូរណាស់ រីកស្គុះស្គាយតែម្ដង!

  • 2022-04-05 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទាលផ្អូកផ្គរ ជាទូទៅគេពុំសូវស្គាល់ឈ្មោះនេះទេ ដោយសារពុំសូវមាន ឯកសារចងក្រងអំពីវា ដោយភាគច្រើនគេហៅតែ ផ្គរលាន់ មានស្រុកខ្លះហៅ កំភ្លឹងចូលឆ្នាំ ព្រោះផ្កាវារីកនៅរដូវចូលឆ្នាំខ្មែរ ។ ផ្អូកផ្គរ ជាឈ្មោះមានប្រើជាយូរណាស់មកហើយ នៅស្រុកខ្មែរយើងទំនងផ្កានេះត្រូវបានគេនាំចូលមកដាំអំឡុង ឆ្នាំ ១៩៧០ជាង ឬ ក្រោយនេះទៀត ព្រោះបើយើងមើលតាមតម្រាក្បួនរុក្ខជាតិដែលមាននៅស្រុកខ្មែរពីសម័យមុន ពុំបានឃើញមានការកត់ត្រាអំពីវាទេ ហេតុដូចឆ្នេះយើងអាចសន្មត់បានថាវាត្រូវបាននាំចូលមកដាំក្រោយសម័យសង្គមរាស្ត្រនិយម ។

ផ្អូកផ្គរ ជាពួកប្រទាលមានមើមនៅក្នុងដី ក្នុងគ្រួសាររុក្ខជាតិពួកកំភ្លឹង មានកម្ពស់ជាមធ្យម ៦០ស.ម មើមមានរាងជាស្រទាប់ៗដូចខ្ទឹមបារាំង មានទំហំជាមធ្យម៥ស.ម មានឈ្មោះវិទ្យាសាស្ត្រថា Hippeastrum puniceum voss អំបូរ Amaryllidaceae ច្រើនមាននៅប្រទេស អាហ្រ្វិកខាងត្បូង ប្រេស្ហីល បូលីវ្យា ប៉េរ៉ូ អេកូដ័រ កូឡំបៀ វេនេស្ហុយអេឡា ហ្គាយាណាជាដើម ដោយគេបាននាំយកមកដាំនៅ ពាសពេញ ទ្វិបអាស៊ីអាគ្នេយ៍ ។

មើមផ្អូកផ្គរ មានផ្ទុកនៅសារជាតិពីរយ៉ាងគឺ alkaloids និង Lycorine បើបរិភោគមើមច្រើនអាចបណ្តាលអោយពុល (ភាគច្រើនគេមិនហូបទេ) ។ ស្លឹកដុះត្រង់បញ្ឈរសណ្ឋានសំប៉ែត្រ មានចំនួនមធ្យមពី ៥ ទៅ ៦ សន្លឹក ស្លឹកមានទទឹង ៣-៥ សង់ទីម៉ែត្រ និងបណ្តោយ ២៥-៣០ សង់ទីម៉ែត្រ ទងផ្កាដុះចេញពីគុម្ពប្រហែល ២៥-៣០ សង់ទីម៉ែត្រ ។ ផ្កាមានពណ៌ផ្កាឈូកបែកក្រហម និងមានចំនួនជាមធ្យម ៦ ផ្កា ក្នុងមួយគុម្ភ នៅពេលដែលរីកពេញ មានទទឹងប្រហែល ៦-១០ សង់ទីម៉ែត្រ ហើយរីកម្តង ៤ ផ្កាក្នុងពេលតែមួយ ។

ជំនឿរបុរាណ ខ្មែរមានជំនឿបុរាណថា បើអ្នកណាដាំប្រទាលផ្អូកផ្គរមានផ្ការីកក្នុងទិសទាំង៤ហើយរីកក្នុងពេលតែមួយ នឹងមានលាភសំណាងចូលមកជាហូរហែរ ធ្វើអ្វីក៏បានជោគជ័យ បានសំរេចគ្រប់ប្រការ ។ ប៉ុន្តែបើផ្ការីកមិនបានគ្រប់ទិស ឬគ្រប់ចំនួន៤ ក្នុងពេលតែមួយទេ និងមានរឿងអាក្រក់កើតឡើងចំពោះបុគ្គលនោះ បើមានរៀបពិធីអ្វីនិងធ្វើអោយមានបញ្ហាចូលមក ។

គុណប្រយោជន៍

  • មើមអាចប្រើជាឱសថបុរាណ សម្រាប់ព្យាបាល ការរាគ ឈឺពោះ ហើមពោះ ដោយគេយកមើមផ្អូកផ្គរមក បុកលាយជាមួយទឹក ហើយយកទៅស្ងោរផឹក ។

  • ឬសអាចជួយព្យាបាលជម្ងឺ ហឺត ជម្ងឺទឹកប្រមាត់ រួមទាំងព្យាបាលកាក្អួតចង្អោផងដែរ ។

  • ផ្កាមានប្រសឹទ្ធភាពជួយព្យាបាលក្អកមាន់ ៕

ប្រភពឯកសារយោង ៖ វចនានុក្រម សម្តេចព្រះសង្ឃរាជជួនណាត

ប្រភពអត្ថបទ៖​ ជីវៈចម្រុះនៃប្រទេសកម្ពុជា

មតិយោបល់