• 2022-04-07 01:00:00
  • ព័ត៌មាន

ចង់ដឹងឆ្នាំថ្មីឆ្នាំខាលនេះកើតហេតុភេទយ៉ាងណាខ្លះ? តោះ មកមើលទំនាយថ្ងៃសង្ក្រាន្តទាំងបីជាមុនសិន!

  • 2022-04-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមជំនឿរបស់ប្រជាជនខ្មែរ តែងមានជំនឿទៅលើការទស្សន៍ទាយ អំពីហេតុភេទនានា ក្នុងស្រុកទេសតាមរយៈការទស្សន៍ទាយពីហោរាផ្សេងៗ។ ខ្មែរពីបុរាណមក លោកតែងគន់គូរតាមទំនាយមួយចំនួន ដើម្បីជាការប្រមើលមើលចំពោះរឿងល្អ និង រឿងមិនល្អដែលអាចកើតមានឡើងសម្រាប់ឆ្នាំថ្មី។ មិនដល់២សប្ដាហ៍ទៀតទេពិធីបុណ្យចូលឆ្នាំប្រពៃនៃខ្មែរ សម្រាប់ឆ្នាំថ្មី ឆ្នាំខាល២០២២ នឹងចូលមកដល់ តោះ!មកមើលទំនាយថ្ងៃសង្ក្រាន្តទាំងបីជាមុនសិន ។

តាមរយៈសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី២០២២ ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ ព្រមទាំងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្តសម្រាប់ឆ្នាំថ្មីដូចតទៅ៖

ថ្ងៃទី១ ឬ ថ្ងៃមហាសង្ក្រាន្ត៖ ចំពោះថ្ងៃចូលឆ្នាំថ្មីខាងមុខនេះគឺត្រូវចំថ្ងៃព្រហស្បតិ៍ ទំនាយថា៖ ឆ្នាំនេះព្រះរាជា ព្រះសង្ឃ រាជគណៈព្រឹទ្ធាចារ្យចាស់ស្រុកនឹងមានសេចក្ដីក្ដៅក្រហាយខ្លោចផ្សារចិត្តច្រើនជាអនេក ។

ថ្ងៃទី២ ឬ ថ្ងៃវ័នបត៖ ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃសុក្រ ទំនាយថា៖ ឆ្នាំនេះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែក សា្លប់ដោយជម្ងឺអាសន្នរោគ។ មិនតែប៉ុណ្ណោះ សត្វព្រៃទាំងឡាយនឹងវិនាសអន្តរាយទៅដោយ ប្រការផ្សេងៗ តែ ឯស្ត្រីមេម៉ាយនឹងមានលាភ ។

ថ្ងៃទី៣ ឬ ថ្ងៃឡើងស័ក៖ ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំគឺត្រូវនឹងថ្ងៃសោរ៍ ។ ក្នុងគម្ពីរចែងថា៖ ឆ្នាំនេះពពួកទាហាន ក្លាហាន ទាំងឡាយ ប្រកបដោយសេចក្តីសុខនឹងមានវិជ្ជាការផ្សេងៗ ទោះបីធ្វើយុទ្ធសង្គ្រាម និង បច្ចាមិត្រគ្រប់ទិសទី នឹងមានជ័យជំនះគ្រប់ពេលវេលា ។ ជាងនេះទៅទៀត ទឹកភ្លៀងទឹកទន្លេរធំ តែមាន កើតចោរឃ្មួយ ចោរលួចចោរប្លន់ច្រើន ។

សូមបញ្ជាក់ផងដែរថា មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី)។ ពេលវេលាមហាសង្ក្រាន្តមកដល់ជាវេលាម៉ោង១០ព្រឹកព្រះសូរិយាចែងចាំងរស្មីស្រោចស្របពេញជម្ពូទ្វីបទាំងមូល នោះព្រះនាងទេធីតាកិរិណីទេវី ទ្រង់គង់ឈរនៅលើពាហណៈ ទំនាយថា បរិជនទាំងឡាយ នឹងមានសេចក្តីវិបត្តិ ប្រែត្រឡប់ទៅជា ប្រការដ៏ទៃផ្សេងនានាជាអនេក។ ខុណ្ណាងទាំងឡាយនឹងក្ដៅក្រហាយចិត្តជាអនេកកប្បការ ៕

ប្រភព៖ សៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី២០២២ ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់