• 2022-04-07 07:51:26
  • ព័ត៌មាន

ចូលឆ្នាំអត់ដឹងទៅណា! តោះទៅលេងកោះកុងក្រៅ កោះធំបំផុតរបស់កម្ពុជាសម្រស់ធម្មជាតិស្រស់ត្រកាលណាស់

  • 2022-04-07 07:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ហើយ មានបងប្អូនខ្លះក៏បានរៀបចំគម្រោងហើយដែរថានឹងទៅកម្សាន្តនៅទីណា អ្នកខ្លះក៏ទៅកម្សាន្តនៅខេត្តសៀមរាប កំពង់សោម ខ្លះទៀតក៏សម្រេចចិត្តថាត្រឡប់ទៅស្រុកកំណើតដើម្បីចំណាយពេលជួបជុំជាមួយគ្រួសារជាទីស្រឡាញ់ យ៉ាងណាមិញសម្រាប់បងប្អូន ដែលមិនទាន់មានគម្រោងថាទៅកម្សាន្តនៅទីណា Sabay សូមណែនាំតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែបមួយកន្លែងនោះគឺកោះកុងក្រៅ

កោះកុងក្រៅ គឺជាកោះដ៍ធំបង្អស់របស់ប្រទេសកម្ពុជា កោះនេះមានទំហំផ្ទៃដីសរុបប្រមាណជា ១០៣គីឡូម៉ែត្រការ៉េនិង មានទទឹង ៧ គីឡូម៉ែត្រ បណ្តោយប្រហែល ១៩ គីឡូម៉ែត្រ កោះនេះមានទីតាំងស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មាន ចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ពីទីរួមក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ១ម៉ោង ទៅ២ម៉ោង តាមទូកតូចធំ ទើបដល់កោះដ៏ធំមួយនេះបាន ភ្ញៀវទេសចរអាច គយគន់ ផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រដ៏ស្រស់ត្រកាល អាចលេងទឹកឬហែលទឹក ជិះទូក ទស្សនាទេសភាពព្រៃភ្នំ ទឹកធ្លាក់ពីភ្នំ មើលផ្កាថ្ម គយគន់ថ្ងៃលិច បោះជំរុំឬបោះតង់ ជិះទូកកាយ៉ាក ស្ទូចត្រី ទាំងទឹកសាប ទឹកប្រៃ ជាមួយនឹងធាតុអាកាសធាតុត្រជាក់ស្រស់ស្រាយជាពិសេសក្នុងពេលរាត្រីស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរទឹករលកបោកបក់មកប៉ើយៗត្រជាក់ស្រេបគួរជាទីមនោរម្យ។

លើសពីនេះ ឆ្នេរកោះកុងក្រៅ មានចំនួន៦ឆ្នេរ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លា អាចមើលឃើញដល់បាតសមុទ្រ ព្រមទាំងមានព្រែកខាងក្រោយឆ្នេរ ដែលអាចអោយយើងគយគន់ទេសភាពយ៉ាងស្អាតបំផុត។ ដោយឡែកសម្រាប់ឆ្នេរ ដែលភ្ញៀវទេសចរណ៍និយមទៅលេង និងមានទឹកប្រើប្រាស់គ្រប់គ្រាន់គឺឆ្នេរទី៣ និងទី៤ ព្រោះនៅទីនោះទេសចរអាចអង្គុយស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមើលលទិដ្ឋភាពថ្ងៃរៀបលិច លាយឡំជំនោរសមុទ្របោកបក់ លាន់លឺសំឡេងសមុទ្រ ស្នូររណ្ដំ ហាក់ធ្វើឲ្យអារម្មណ៍ម៉ងសៅតាំងប៉ុន្មានរលាយអស់គ្មានសល់ ។ ក្រៅពីនេះ ទេសចរក៏អាចមុជទឹកមើលផ្កាថ្ម និងជិះម៉ូតូទឹកបានយ៉ាងសប្បាយផងដែរ ។

សូមជម្រាបថា កោះកុងក្រៅគឺជាកោះសម្បូរទៅដោយសក្តានុពលផ្នែកធនធានធម្មជាតិអំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានជីវចំរុះ និងមានឆ្នេរខ្សាច់ល្អសក្បុស ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមាពណ៌ខៀវស្រងាត់គួរជាទីគយគន់ ជាពិសេសមាន ទឹក ជ្រោះចំនួន ១០ កន្លែង ដែលកន្លែងនីមួយៗមានច្រើនដំណាក់ អាចមានរហូតដល់ ៣០ ជាន់ និង សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះស្អាតៗប្លែកចក្ខុនៅឯបាតសមុទ្រ ។

ប្រភពរូបថត៖Away

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់