• 2022-04-08 01:31:00
  • ព័ត៌មាន

ប៉ុន្មាន​ឆ្នាំ​មុន​បីកូន​រត់​ក្រោម​ភ្លៀង​ក្នុង​ព្រៃ​ម្នាក់​ឯង តែ​ពេល​នេះ ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ប្រែ​ខ្លួន​ជា​សហិគ្រិន​ធំ ផ្អើល​សូម្បី​សារព័ត៌មាន​ថៃ

  • 2022-04-08 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀង សូលីនដា គឺ​ឈ្មោះ​របស់​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ឆាក​ជីវិត​ប្រែប្រួល​ពី​ខ្ពស់​មក​ទាប រហូត​ដល់​ធ្លាក់​ខ្លួន​ទៅ​ធ្វើ​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តែ​ចុង​ក្រោយ អាច​រើ​បម្រាស់​ក្លាយ​ស្ត្រី​សហគ្រិន​ធំ​ដុំ​មួយ​រូប​ល្បី​ល្បាញ​នៅ​ប្រទេស​ថៃ និង​ត្រូវ​សារព័ត៌មាន​ប្រទេស​គេ ចុះ​មក​សម្ភាសន៍​ហូរហែ។

ស្ត្រី​ខ្មែរ​រូប​នេះ មាន​វ័យ​ទើប​តែ ៣០​ឆ្នាំ ជា​កូន​អ្នក​ខេត្ត​បាត់​ដំបង និង​មាន​បង​ប្អូន​សរុប ៧នាក់(ស្លាប់​១​នៅ​សល់៦) អ្នក​នាង​ជា​កូន​ទី៦។ តាម​អ្នក​នាង សូលីនដា គ្រួសារ​របស់​អ្នក​នាង ដើម​ឡើយ អាច​រស់​នៅ​បាន​ខ្ពស់​មុខ​ខ្ពស់​មាត់ ដោយ​សារ​មាន​ឪពុក​ជា​នាយ​ទាហ៊ាន​ជាន់​ខ្ពស់​១​រូប។ ប៉ុន្តែ​ផ្លូវ​ជីវិត​ដែល​មិន​ខុស​អី​ហ្នឹង​ផ្លូវ​ថ្នល់​តែង​មាន​បត់​បែប​ច្រើន សូលីដា បាន​ជួប​រឿង​ដ៏​សោកសង្រេង​មួយ។

ឪពុក​ដែល​ជា​បង្គោល​គ្រួសារ​តែ​ម្នាក់​បាន​បាត់​បង់​ជីវិត...ពេល​នោះ​អ្វី​ៗ​បាន​ក្រឡាប់​ចាក់។ សូលីដា ប្រាប់​ថា គ្រួសារ​របស់​នាង​បាន​ធ្លាក់​ចុះ​ដល់​បាត ខណៈ​ម្ដាយ​របស់​អ្នក​នាង បាក់​ទឹក​ចិត្ត​ខ្លាំង ដោយ​សារ​តែ​បាត់​បង់​គ្រប់​យ៉ាង រហូត​ព្យាយាម​សម្លាប់​ខ្លួន​ជា​ច្រើន​ដង តែ​ត្រូវ​ជួយ​សង្គ្រោះ​ទាន់​ពេល​ជា​ដរាប។

ក្រោយ​មក​ម្ដាយ​របស់​អ្នក​នាង ដោយ​ការ​ពន្យល់​អប់រំ​ពី​ព្រះវិហារ​សាសនា​គ្រឹស្ត​មួយ បាន​ចាប់​ផ្ដើម​ជំនឿ​ឡើង​វិញ​ដើម្បី​បន្ត​រស់​នៅ​ដើម្បី​បីបាច់​កូន ៧នាក់​សុទ្ធ​តែ​នៅ​តូច​ៗ។ ពួក​គេ​បាន​រួម​គ្នា​តស៊ូ​យ៉ាង​លំបាក​តាម​រយៈ​ការ​លក់​បន្លែ និង​របស់​របរ​កំប៉ិកកំប៉ុក​នៅ​តាម​ចិញ្ចើម​ថ្នល់។ រហូត​ដល់ កូន​ៗ​ផ្ដើម​ពេញ​រូប​ពេញ​រាង ពួក​គេ ក៏​បាន​រួម​គ្នា​រកស៊ី និង​បាន​បើក​អាជីវកម្ម​មួយ​ចំនួន។

ទុន​ប្រើ​លើ​ការ​រកស៊ី សុទ្ធ​ជា​កម្ចី​ធនាគារ ហើយ​ទី​បំផុត ជីវិត​ដែល​រំពឹង​ថា​នឹង​មាន​រស្មី​នោះ បាន​ផ្លាស់​ប្ដូរ​ជា​ថ្មី ព្រោះ​តែ​ការ​រកស៊ី​មិន​ទៅមុខ លុយ​ជាប់​គាំង​មិន​មាន​អី​បង្វិល សូលីដា និង​គ្រួសារ​បាន​រស់​ក្នុង​សភាព​ជាប់​បំណុល​គេ​ជុំ​ទិស។ សូលីនដា ថ្លែង​ថា "ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ដែល​គេ​មក​ទារ​លុយ​ដល់​ផ្ទះ​ដែរ តែ​ខ្ញុំ​ថា បើ​បង​ប្អូន​ចាប់​ខ្ញុំ​ទៅ ក៏​មិន​បាន​អី​ដែរ តែ​បើ​ទុក​ពេល​ឲ្យ​ពួក​ខ្ញុំ​រក​ស៊ីសង ខ្ញុំ​នឹង​ខំ​ប្រឹង​រកស៊ី មិន​ខ្វះ មិន​បោក​ប្រាស់​ឡើយ"។

ចុង​ក្រោយ ម្ចាស់​បំណុល​ទាំង​ឡាយ ទុក​ឱកាស​ឲ្យ សូលីនដា និង​គ្រួសារ​រក​ស៊ី​ដើម្បី​លស់​បំណុល។ យ៉ាង​ណា ដោយ​សារ​ស្ថានភាព​​នៅ​ក្នុង​ស្រុក​ឈាន​ដល់​ដំណាក់​កាល​ទាល់​ច្រក​ទៅ​ហើយ អ្នក​នាង សូលីដា ដែល​កាល​នោះ​មាន​ស្វាមី និង​កូន​ស្រី​ម្នាក់​ទៅ​ហើយ សម្រេច​ផ្សង​ព្រេង​ទៅ​ប្រទេស​ថៃ។

សៀង សូលីនដា បាន​សម្រេច​ទៅ​ប្រទេស​ថៃ​តាម​រយៈ​មេ​ខ្យល់ និង​បាន​យក​កូន​ស្រី​ដែល​កាល​នោះ​ទើប​មាន​អាយុ​ប្រមាណ ១​ឆ្នាំ​ទៅ​ជាមួយ​ផង។ ដំណើរ​ចូល​ទៅ​ប្រទេស​គេ​ទាំង​ខុស​ច្បាប់​តាម​មេ​ខ្យល់​មិន​ស្រួល​នោះ​ទេ។ ស្ត្រី​វ័យ ៣០ ប្រាប់​ថា នាង​ត្រូវ​តម្រួត​ថៃ​ដេញចាប់យ៉ាង​គួរ​ឲ្យ​តក់​ស្លុត។

"នៅ​ពេល​នោះ ពេល​យប់..តម្រួត​ថៃ គេ​មើល​ឃើញ​ខ្ញុំ​ដោយ​សារ​ខ្ញុំ​ពាក់​អាវ​ស ហើយ​គេ​ដេញចាប់​ខ្ញុំ ពេល​នោះ​ភ្លៀង​ផង ខ្យល់​ផង ចុង​ក្រោយ​ខ្ញុំ​សម្រេច​ដោះអាវ​ខ្ញុំ​ចេញ នៅ​តែ​អាវ​ទ្រនាប់​ដើម្បី​កុំ​ឲ្យ​គេ​ឃើញ...ខ្ញុំ​យំ​ឱប​កូន​នៅ​ក្នុង​ព្រៃ​នោះ​តែ​ម្នាក់​ឯង​ក្រោម​ភ្លៀង...ពេល​នោះ​ជា​ពេល​ដែល​លំបាក​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ”។

សូលីនដា និង​កូន​ស្រី​តូច​អាយុ ១ឆ្នាំ សម្ងំ​ក្នុង​ព្រៃ​ងងឹត​ឈឹង ដែល​ពោរ​ពេញ​ទៅ​ដោយ​សត្វ​មូស ខាំ​សុះសាច់ អស់​រយៈ ពេល ៤ម៉ោង រហូត​ទាល់​តែ​តម្រួត​ថៃ​ទៅ​អស់ ទើប​នាង​ចេញ​មក​ជួប​គ្នីគ្នា​ផ្សេង​ទៀត។ ក្រោយ​ផុត​គ្រោះ​ពេល​នោះ សូលីដា បាន​ទៅ​ដល់​ប្រទេស ប៉ុន្តែ​អ្វី​ៗ​មិន​ទាន់​សម​បំណង​ទេ។ នារី​រូប​រាង​តូច​ល្អិត​ប្រាប់​ថា មុន​ទៅនាង​បាន​ទំនាក់ទំនង​ថា​ចូល​ធ្វើ​ការ​នៅ​កន្លែង​សាឡន​មួយ។

ប៉ុន្តែ​ក្រោយ​ទៅ​ដល់ គេ​អត់​ព្រម​ទទួល​ឲ្យ​ធ្វើ ដោយ​សារ​នាង​មាន​កូន​តូច។ ចុង​ក្រោយ​ក៏​សម្រេច​ទៅ​ស៊ី​ឈ្នួល​ឈរ​អាំង​ប្រហិត​ឲ្យ​គេ ជាមួយ​ថ្លៃ​ឈ្មួល ២០០បាត​ក្នុង​១ថ្ងៃ។ ក្រោយ​មក​នាង​បាន​ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​សាឡាន​នៅ​កន្លែង​១​ទៀត​បាន​កម្រៃ ៣០០បាត​ក្នុង​១​ថ្ងៃ។ ប៉ុន្តែ​អំឡុង​ពេល​កំពុង​ស៊ី​ឈ្នួល​គេ នាង​មាន​គំនិត​មួយ​ថា ប្រសិន​បើ​ស៊ី​ឈ្នួល​គេ​បាន​តែ​មួយ​រស់​ដដែល ​តើ​ចាំ​បាច់​ផ្សង​ព្រេង​មក​ប្រទេស​គេ​ធ្វើអ្វី ហើយ​តើ​ពេល​ណា អាច​សង​បំណុល​គេ​បាន។

គិត​ឃើញ​ដូច្នេះ សូលីដា បាន​ឈប់​ពី​ការងារ​ស៊ី​ឈ្នួល​គេ មក​លក់​ផលិតផល​ថែ​រក្សា​សម្រស់​តាម​អនឡាញ​ដោយ​ខ្លួន​ឯង​វិញ។ មិន​ខុស​ពី​ការងារ​ទូទៅ​ដែរ មុខ​របរ​ថ្មី​នេះ​ភ្លាម​ៗ មាន​ការ​លំបាក និង​ឧបសគ្គ​យ៉ាង​ច្រើន ប៉ុន្តែ​បន្តិច​ម្ដង ចេះ​តែ​រីកចម្រើន រហូត​ដល់​ជោគជ័យ​ខ្លាំង ក្លាយ​ជា​ម្ចាស់​ប្រេន​ខ្លួន​ឯង។ អ្នក​នាង សៀង សូលីដា ល្បី​ខ្លាំង​នៅ​ប្រទេស​ថៃ​នាម​ជា​អ្នក​រកស៊ី​អនឡាញ​ម្នាក់។

ការ​ប្រែ​ខ្លួន​ពី​ពលករ​នៅ​ស្រុក​គេ រហូត​ក្លាយ​ម្ចាស់​ប្រេន​ធំ​មួយ អ្នក​នាង សូលីនដា ត្រូវ​បាន​សារ​ព័ត៌មាន​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ហៅ​មក​ធ្វើ​បទ​សម្ភាសន៍​យ៉ាង​ច្រើន។ ប្រមាណ ១​ឆ្នាំ​មុន កូន​អ្នក​ខេត្ត​បាត់​ដំបង បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ និង​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន រហូត​ដល់​មាន​តំណាង​ចែកចាយ​រាប់​ពាន់​នាក់ និង​មាន​ផលិតផល​ជាង ២០មុខ និង​រោង​ចក្រ​២​នៅ​ប្រទេស​ថៃ។

ថ្មី​ៗ​នេះ អ្នក​នាង​បាន​ធ្វើ​ពិធី​ជួប​ជុំ​តំណាង​ចែក​ចាយ​ទាំង​នោះ​របស់​ខ្លួន និង​បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​រថយន្ត​ទំនើប​២​គ្រឿង​ដល់​តំណាង​ចែកចាយ​ឆ្នើម​ទៀត​ផង។ មក​បច្ចុប្បន្ន នារី​ដែល​បី​កូន​រត់​កាត់​ភ្លៀង​ក្នុង​ព្រៃជ្រៅ​គេច​ពី​ការ​តាម​ចាប់​របស់​ប៉ូលីស​ថៃ កាល​ពី​៦​ឆ្នាំ​មុន គឺ​ជា​អគ្គនាយិកា​ក្រុមហ៊ុន ម៉ាដាមដា ខសមេធីក ដែល​មាន​ដើម​ទុន​វិនិយោគ ខ្ទង់​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់