• 2022-04-11 04:45:00
  • ព័ត៌មាន

សល់តែ២ថ្ងៃទៀតទេដល់ចូលឆ្នាំហើយ! មកដឹងពីគ្រឿងរណ្ដាប់ទទួលទេវតា ឆ្នាំថ្មីព្រះនាងកិរិណីទេវី ទាំងអស់គ្នា

  • 2022-04-11 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី)។

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមខ្មែរពីបុរាណរៀងមក គឺត្រូវរៀបរានទេវតានៅមុខផ្ទះ ក្រាលសំពត់ពណ៌ស ឬពណ៌តាមអម្ពររបស់ទេពធីតា សម្រាប់តាំងគ្រឿងពលិការផ្សេងៗ ។តាមរយៈសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី២០២២ ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ ព្រមទាំងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញដូចតទៅ៖

សម្រាប់ប្រជារាស្ត្រធម្មតា រណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានជាអាទិ៍ ៖

• បាយសី ៥ ថ្នាក់ ១ គូរ , ៣ ថ្នាក់ ១ គូរ

• បាយសី ប៉ាឆា ១ គូរ

• ស្លាធម៌មួយគូរ

• ចេកមួយគូរ

• ផ្លែឈើត្រឹម ៣ ទៅ ៥ មុខ រៀបចំទៅតាមធនធានរៀងៗខ្លួន

• គ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ

• នៅលើជើងពាន និងបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ ។

នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មីយាងចុះមក ត្រូវជួបជុំ គ្រួសារ ដើម្បីថ្វាយបង្គំព្រះនមសិកា ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតវិសុទ្ធ ជ្រះ ស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា ។ នៅក្នុងថ្ងៃសង្ក្រាន្តទាំងបីថ្ងៃ ប្រជាពលរដ្ឋប្រុសស្រីទាំង ឡាយត្រូវខំលះបងចិត្តអាក្រក់អន្យតិយជាប់ដោយគំនុំ គុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យ ជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យទានតាម ប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតា នឹងឲ្យពរសព្ទសាធុការ ឲ្យលោកអ្នកមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ៕

ប្រភពរូបភាព៖ Miss Universe Cambodia

មតិយោបល់