• 2022-04-12 04:45:00
  • ព័ត៌មាន

ព្រះគ្រូវិសាលមុនី យឹម រស្មី៖ កូនចៅប្រុសស្រី បំពេញកិច្ចទាំងនេះ ដល់មាតាបិតានឹងបានកុសលខ្ពស់ចម្រើនណាស់ ក្នុងឱកាសឆ្នាំថ្មី

  • 2022-04-12 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់តែប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលមកដល់ហើយ។ ក្រៅពីគិតដល់ម្ហូបអាហារ គួរធ្វើដើម្បីប្រគេនព្រះសង្ឃតាមទីអារាម អ្នកក៏មិនត្រូវភ្លេចព្រះរស់នៅផ្ទះផងដែរ។ បុណ្យទានបែបនេះ អ្នកគួរមានអំណោយខ្លះៗ សម្រាប់ឪពុកម្តាយ ដើម្បីជាការដឹងគុណ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិធីបុណ្យមួយដែលមានអាយុកាលតាំងពីបុរាណយូរយាណាស់មកហើយ និងជាពិធីដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។ ចូលឆ្នាំ ជាពិធីបុណ្យប្រពៃណីដ៏ធំរបស់ខ្មែរ នឹងមកដល់នៅពាក់ខែមេសានេះ វេលាប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនា រីករាយនឹងការជួបជុំគ្រួសារ ទៅវត្តធ្វើបុណ្យសន្សំកុសលជាមួយគ្នា។ សកម្មភាពមួយចំនួនដែលកូនចៅប្រុសស្រីគួរបំពេញកិច្ចទាំងនេះឱ្យបាន ក្នុងពិធីបុណ្យប្រពៃណីនេះ នឹងទទួលបាន អានិសង្ស ខ្ពស់បំផុត។

ព្រះគ្រូវិសាលមុនី យឹម រស្មី ព្រះធម្មធរអនុគណ ស្រុកអង្គស្នួល និងជាព្រះចៅអធិការវត្តភូមិថ្មី មានទីតាំងស្ថិតនៅ វត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រះអង្គមានសង្ឃដីកាឱ្យដឹងថា ទាក់ទងនឹងការចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បើតាមទំនៀបទំលាប់ប្រពៃណីដូនតាខ្មែរយើង ដែលមានទំនៀមនេះតាំងពីយូរមកហើយ គឺកូនចៅប្រុសស្រីទោះបីជានៅជិតឬឆ្ងាយគ្នា ត្រូវទៅជួបជុំគ្នារវាងបងប្អូន ដើម្បីបង្កើននូវសាម្គីធម៌ បង្កើននូវភាពស្និតស្នាលរវាងគ្នានឹងគ្នាឱ្យកាន់តែល្អប្រសើរ ។ ចំពោះកូនចៅប្រុសស្រីដែលមាន ម្ដាយឪពុក គ្រូឧបជ្ឈាយ៍ អាចារ្ នៅរស់ ត្រូវចេះរៀបចំមុជទឹកជូនលោក ខម្មាទោសលោក ក្រែងមានខុសឆ្គាំឆ្គងដោយពាក្យសំដីប្រការណាមួយមិនគម្បីដល់លោកកាលឆ្នាំកន្លង ។ បន្ថែមពីនេះទៀត កូនចៅត្រូវរៀបចំបាយទឹក នំចំណី សម្លៀកបំពាក់ ជូនលុយកាក់ប្រាក់កាសផ្សេងៗតាមដែលអាចធ្វើទៅបាន។

រីឯចំពោះកូនចៅប្រុសស្រីដែលមានមាតាបិតា គ្រូឧបជ្ឈាយ៍ អាចារ្យ លាចាកឋានទៅហើយនោះ ព្រះគ្រូវិសាលមុនី យឹម រស្មី ព្រះអង្គមានសង្ឃដីកា ឱ្យដឹងបន្ថែមទៀតថា ក្នុងឱកាសចូលឆ្នាំថ្មី កូនចៅគួរគម្បីបំពេញកិច្ចបង្សុកូល ជូនបុណ្យកុសល ឧទ្ទិសដល់លោកអ្នកដែលមានគុណមាន មាតាបិតា គ្រូឧបជ្ឈាយ៍ អាចារ្យជាដើម រមែងទទួលបាននូវសេចក្ដីសុខចម្រើន សិរីសួស្ដី លាភជ័យ ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ នឹងទទួលបាន អានិសង្ស ខ្ពស់បំផុត ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់