• 2022-04-12 07:20:00
  • ព័ត៌មាន

ពលរដ្ឋសម្រុក ទិញគ្រឿងតាំងលម្អតាមផ្ទះ ត្រៀមទទួលទេវតាឆ្នាំថ្មីឆាប់ៗនេះ

  • 2022-04-12 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិធីបុណ្យមួយដែលមានអាយុកាលតាំងពីបុរាណយូរយាណាស់មកហើយ និងជាពិធីដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា ។ ជាទូទៅរាល់ពិធីបុណ្យផ្សេងៗ ពិសេសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឃើញថាប្រជាជនយើងតែងតែទិញនូវសម្ភារ ឬឧបករណ៍មួយចំនួនទុកសម្រាប់ត្រៀមរៀបចំតុបតែងលម្អ ដើម្បីឲ្យផ្ទះមានភាពស្រស់ស្អាត ទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមការងារSabayបានផ្តិតយកទិដ្ឋភាពផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ ពិសេសនៅតាមផ្សារ ឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន សម្រុកទិញគោមផ្កាយក៏ដូចជាគ្រឿងតុបតែងផ្ទះសម្បែងផ្សេងៗដើម្បីសម្អផ្ទះ និងអបអរទទួលទេវតាឆ្នាំថ្មីដែលនឹងខិតជិតមកដល់ឆាប់ៗនេះផងដែរ។

ជាការកត់សម្គាល់​ ឱ្យតែដល់រដូវចូលឆ្នាំខ្មែរ គេតែងឃើញសឹងតែគ្រប់ទីកន្លែងបានដាក់តាំងលក់គ្រឿងលម្អ តុបតែងក្នុងពិធីដ៏សំខាន់យ៉ាងច្រើន ពិសេសនោះគឺគោមផ្កាយតែម្ដងគឺព្រោងព្រាត ។ តាមជំនឿខ្មែរយើងតាំងពីបុរាណរៀងមក ការយកគោមផ្កាយតុបតែងលម្អតាមផ្ទះ ឬកន្លែងផ្សេងៗនេះ ព្រោះគេជឿថា មនុស្សលើលោក សុទ្ធតែទទួលឥទ្ធិពល ពីផ្កាយនពគ្រោះ មានភពផែនអាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រនិងសៅរ៍ ជាដើម ហើយមាន ការចែកវេនគ្នា បំភ្លឺពេលថ្ងៃនិងយប់។ នៅពេលណា មនុស្សលោកបាត់បង់ពន្លឺពីភពផែនទាំងនេះ គេរស់នៅពុំមានសិរីមង្គលឡើយ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់