• 2022-04-13 05:15:00
  • ព័ត៌មាន

ទីក្រុងភ្នំពេញចាប់ផ្តើមស្ងប់ស្ងាត់ហើយ! ប្រជាពលរដ្ឋសម្រុកទៅលេងស្រុកកំណើតច្រើននៅថ្ងៃនេះ

  • 2022-04-13 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលាដ៏ប្រពៃមហាប្រសើរ ដែលពលរដ្ឋខ្មែររង់ចាំអស់រយៈពេលយូរមកហើយ គឺជាវេលាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះហើយ ។ ដោយឡែកទិដ្ឋភាពនៅតាមដងផ្លូវនានានៅក្នុងទីក្រុងភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី ១៣ មេសានេះ បានចាប់ផ្តើមប្រែជាស្ងប់ស្ងាត់បណ្ដើរៗហើយ ខណៈប្រជាពលរដ្ឋខ្មែររាប់ម៉ឺនសែននាក់ បានសម្រុកទៅលេងស្រុកកំណើតនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ។

ក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមប្រែជាស្ងប់ស្ងាត់ ខណៈដែលប្រជាពលរដ្ឋរាប់សែននាក់បានសម្រុកចាកចេញពីទីក្រុងភ្នំពេញទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីចូលឆ្នាំថ្មី ។ ដោយឡែក អគារសាធារណៈរបស់រដ្ឋ ហាងលក់ទំនិញតូចធំ បុគ្គលិកធនាគារ និងក្រុមហ៊ុនឯកជននានា ក៏បានចាប់ផ្តើមបិទទ្វារនិងឈប់សម្រាកបណ្ដើរៗដែរ ចាប់តាំងពីថ្ងៃទី ១៣ មេសា នេះតទៅ។

សូមជម្រាបថា រាជរដ្ឋាភិបាលនៅឆ្នាំ២០២២នេះបានសម្រេចអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញ ក្រោយខកខានប្រារព្ធពិធីនេះ អស់រយៈកាល២ឆ្នាំមកហើយ ។ បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បង្ហាញពីក្ដីរំភើបសប្បាយរីករាយជាខ្លាំងក្រោយកម្ពុជាបានប្រារព្ធពិធីជាតិដ៏សំខាន់នេះឡើងវិញ។ នៅតាមផ្ទះ វត្តអារាម កន្លែងសាធារណៈសំខាន់ៗ និងនៅតាមបណ្ដាខេត្តផ្សេងៗបាននឹងកំពុងត្រៀមពិធីសង្ក្រាន្តឆ្នាំថ្មីដើម្បីឱ្យពលរដ្ឋចូលរួមលេងកម្សាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏សំខាន់នេះផងដែរ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់