- 2022-04-20 02:43:52
- ព័ត៌មាន
រស់នៅឆ្ងាយស្រុកទេស កងទ័ពមួកខៀវកម្ពុជានៅស៊ូដង់ខាងត្បូង នាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងសប្បាយរីករាយកម្រឃើញ!
- 2022-04-20 02:43:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅឆ្ងាយស្រុកទេស កងទ័ពមួកខៀវកម្ពុជានៅស៊ូដង់ខាងត្បូង នាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងសប្បាយរីករាយកម្រឃើញ!
ចន្លោះមិនឃើញ
ដូចនឹងប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីតាមទំនៀម ងាកមកកងទ័ពមួកខៀវខ្មែរដែលកំពុងបំពេញបេសកកម្មដើម្បីសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅស៊ូដង់ ឯណេះវិញ ក៏ដូចគ្នា។
តាមរយៈទំព័រហ្វេសប៊ុក ស៊ន រដ្ឋា ដែលជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍ភីអិនអិន បានបញ្ចេញឲ្យដឹងថា កងរាជអាវុធហត្ថលេខ៧៣៩ បានប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងតំបន់បេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង.
សកម្មភាពនោះ កងកម្លាំងសមត្ថកិច្ចរបស់កម្ពុជា បានស្លៀកពាក់បែបប្រពៃណីខ្មែរ ហើយនាំគ្នា រាំលេងកម្សាន្ត ញ៉ាំអាហារសាមគ្គី លេងល្បែងប្រជាប្រិយ និងល្បែងកម្សាន្ត មានដូចជា ទាញព្រ័ត ប្រកួតញាំផ្លែឈើ ផ្លុំប៉េងប៉ោងបំបែក បៀមទឹកដាក់ដប បៀមពងមាន់ រាំដណ្តើមកៅអី និង ប្រកួតចម្រៀង ជាដើម។
ចូលរួមលេងកម្សាន្តជាមួយមន្រ្តីអង្គការសហប្រជាជាតិរួមមាន មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកអាវុធហត្ថ មន្រ្តីអន្តរជាតិស៊ីវិល ព្រមទាំងនាយទាហ៊ានសង្កេតការ និងនាយទាហ៊ានសេនាធិការកម្ពុជា ជាច្រើនរូបផងដែរ។
តាមរបាយការណ៍របស់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចាប់តាំងពីឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន សរុបចំនួន ៧ ៨២៦ នាក់(នារីចំនួន ៤៩៤ នាក់) ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន។
របាយការណ៍ដដែលបានបន្តថា បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាប្រមាណ ចំនួនសរុប ៧៣០នាក់ នារី១២៤នាក់កំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង៕