• 2022-05-03 03:03:56
  • ព័ត៌មាន

ស្មានតែផុតពូជហើយ! រកឃើញសត្វក្តាន់ជិត១០០ក្បាល ដែលជាប្រភេទសត្វកម្របំផុតលើលោកកំពុងរស់នៅខេត្តក្រចេះ

  • 2022-05-03 03:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វក្តាន់ដែលជាសត្វកម្រនៅលើពិភពលោក ចំនួនប្រមាណ៧០ក្បាលត្រូវបានរក ឃើញរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះកាលពីសប្តាហ៍កន្លងទៅ ក្រោមការស្រាវជ្រាវនិង មានការបញ្ជាក់ជារូបភាព ពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថត ប្រើកំដៅ។

លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនផងដែរ ដែលជាកត្តាចង្អុលបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។ សត្វក្តាន់ប្រភេទនេះ ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល ហើយនៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្តប៉ានប្រមាណថាបានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ ២០០៦ នៅក្នុងខេត្តក្រចេះ។

កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF មានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិង ពីអង្គការ WWF ។

សូមជម្រាបថា ទោះជាយ៉ាងណាក៏ដោយ សត្វនេះបាន និងកំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។ ដើម្បីជួយសង្រ្គោះសត្វក្តាន់ និង សត្វព្រៃសំខាន់ៗជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ យុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា»ត្រូវបានរៀបចំឡើង និងបើកឲ្យដំណើរការជាផ្លូវការ កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយមានគោលដៅលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់។

អត្ថបទដោយ៖ សាន សុធារដ្ឋ

មតិយោបល់