• 2022-05-04 02:39:20
  • ព័ត៌មាន

ទារថ្លៃខូចខាត ៥ម៉ឺនដុល្លារ នាងមានត្រឹម ១០០ដុល្លារ ត្រូវម្ចាស់រថយន្តហែកចោលខ្វោកៗនៅនឹងមុខ

  • 2022-05-04 02:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកកំពុងតែផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តលើករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាលមួយបង្កទៅជារឿងធំមិនស្មានដល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំណុច ផ្លូវបេតុងបំបែកជាបួនក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោយនារីវ័យក្មេងម្នាក់ បានបើកម៉ូតូជ្រុលទៅប៉ះរថយន្ត TOYOTA HiLux revoពណ៌ស បណ្ដាលឱ្យខូចខាងកញ្ចក់មើលក្រោយ និងទ្វារមុខខាងស្ដាំបន្តិចបន្តួច។ នេះបើយោងតាមប្រភព័ត៌មានពីទំព័រហ្វេសបុក CNews Live ។

តាមប្រភពខាងលើនេះ ក្រោយកើតហេតុភ្លាមៗយុវតីជាអ្នកបើកបរម៉ូតូភិតភ័យជាខ្លាំង និងអង្គុយយំ ព្រោះម្ចាស់រថយន្តបានទារសំណងថ្លៃខូចខាតរហូតដល់ទៅ ៥ម៉ឺនដុល្លារឯណោះ ដោយហេតុផលរថយន្តទើបនឹងទិញថ្មីៗមិនទាន់បានទាំងកឹបស្លាកលេខផង។ ក្មេងស្រីជាម្ចាស់ម៉ូតូ Beat ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1HL-9890 បានធ្វើដំណើរតាមបេតុងក្នុងទិសដៅពីលិចមកកើត មកដល់កន្លែងកើតហេតុបានជ្រុលទៅប៉ះរថយន្ត TOYOTA HiLux revoពណ៌ស​ បើកបរដោយតស្ត្រីវ័យចំណាស់ម្នាក់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣ ឧសភា ឆ្នាំ ២០២២នេះ ក្រោយម្ចាស់រថយន្តទារសំណង ៥ម៉ឺនដុល្លារ ។ ក្រោយសមត្ថកិច្ចមកជួយសម្របសម្រួលភាគីខាងរថយន្តចុះមកត្រឹម ៤ពាន់ដុល្លារ ប៉ុន្តែយុវតីខាងលើគ្មានលទ្ធភាពនោះទេ មានត្រឹម ១០០ដុល្លារ ។ ម្ចាស់រថយន្តយល់ព្រមទទួលយក ១០០ដុល្លារនោះ ប៉ុន្តែត្រូវហែកចោលភ្លាមៗ ដើម្បីឱ្យេជ្រះចង្រៃ។

ករណីខាងលើនេះ មានមតិមហាជនជាច្រើនបានលើកឡើងថា ក្មេងស្រីម្ចាស់ម៉ូតូទំនងជាបើកបរលឿនពេក ទើបទៅប៉ះរថយន្តទើបនឹងទិញថ្មីៗនេះ តែទោះបីជាយ៉ាងណាក៏ម្ចាស់រថយន្តមិនគួរណាយកលុយដែលនាងខំសងនោះទៅហែកចោលបែបនោះទេ។ យ៉ាងណាក្ដីជុំវិញហេតុការណ៍នេះ មិនទាន់មានការស្រាយបំភ្លឺលម្អិតពីអាជ្ញាធរនៅឡើយនោះទេ ៕

មតិយោបល់