• 2022-05-05 07:05:52
  • ព័ត៌មាន

នេះហើយអគារខ្ពស់ជាងគេបំផុតនៅវៀតណាម ខ្ពស់កប់ពពក សាងសង់អស់លុយមិនតិចនោះទេ!

  • 2022-05-05 07:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Landmark 81 ជាអាគារខ្ពស់កប់ពពក មានទីតាំងនៅក្រុងហូជីមិញ ប្រទេសវៀតណាម។ អគារនេះជាអគារដែលខ្ពស់ជាងគេបំផុត លំដាប់ទី២នៅក្នុងតំបន់អាស៊ាន។ គម្រោងនៃការសាងសង់អគារនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនសាជីវកម្មនិងអចលនទ្រព្យធំជាងគេរបស់ប្រទេសវៀតណាម។ Landmark 81 គឺជាអាគារខ្ពស់ជាងគេនៅវៀតណាម និងខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ដោយចំណាត់ថ្នាក់នៅលើពិភពលោកគឺជាអគារខ្ពស់ជាងគេលំដាប់ទី ១៥។

អគារ Landmark 81 មានកម្ពស់ ៤៦១ ម៉ែត្រ និង៨១ ជាន់ ត្រូវបានសាងសង់នៅលើច្រាំងខាងលិចនៃទន្លេសាយហ្គន ក្នុងស្រុកប៊ីនថាញ់ ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រទីក្រុងហូជីមិញ និងនៅខាងត្បូងស្ពានសាយហ្គន។ អគារខ្ពស់កប់ពពកនេះគឺជាបេះដូងនៃតំបន់ទីប្រជុំជនដែលមានឈ្មោះថា Vinhomes Central Park ។ ហេដ្ឋរចនាសម្ព័ន្ធរួមនៅក្នុងអគារ មានសណ្ឋាគារប្រណិតលំដាប់ផ្កាយ ៥, កន្លែងលក់ទំនិញដ៏សម្បូរបែប, ភោជនីយដ្ឋាន, បារលំដាប់ខ្ពស់, កន្លែងធ្វើការ និងកន្លែងមើលទេសភាពដែលអាចមើលឃើញទិដ្ឋភាពទីក្រុង ហូជីមិញទាំងមូល។

អគារកម្ពស់ ៨១ជាន់នេះ ត្រូវបានរចនាម៉ូតសម្រាប់សាងសង់ដោយក្រុមហ៊ុន រចនាម៉ូតដ៏ល្បីល្បាញរបស់អង់គ្លេស Atkins។ ក្រុមហ៊ុនរចនាម៉ូតរបស់អង់គ្លេសមួយនេះក៏ធ្លាប់បានរចនាម៉ូតនៃអគារដ៏ខខ្ពស់ស្កឹមស្កៃនិងល្បីល្បាញរបស់អារ៉ាប់ផងដែរ គឺ អគារ Burj Al Arab។ អគារដែលជាបេះដូងនៃទីក្រុងហូជីមិញ ចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក ដែលមានសរុបទាំងអស់ ៨១ជាន់ និង ផ្នែកខាងលើបំផុតមានបំពាក់អង់តែនសម្រាប់គ្របដណ្តប់ការផ្សាយរបស់ទូរទស្សន៍ទៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងក្រុង។ ជាន់ទី ៧៩ នៃអគារ Landmark 81 មានកន្លែងអង្គុយហូបកាហ្វេ និង ជាន់ទី ៨១ ហៅថា SkyTouch ភ្ញៀវអាចទស្សនាគយគន់ទិដ្ឋភាពទាំងមូលនៃទីក្រុង ហូជីមិញ ប្រកបដោយខ្យល់អាកាសបរិសុទ្ធ ដោយគេគិតថ្លៃសំបុត្រប្រហែល ១៧ដុល្លារ សម្រាប់កុមារ និង ៣៥ដុល្លារសម្រាប់មនុស្សពេញវ័យ៕

ប្រែសម្រួល ៖ សង្ហា

មតិយោបល់