• 2022-05-09 06:40:00
  • ព័ត៌មាន

ក្រុងបូកគោ ឋានសួគ៌នៃក្រុងធម្មជាតិ បើបានទៅលេងខែត្រជាក់ភ្លៀងធ្លាក់បែបនេះ ស្រស់ត្រកាលណាស់

  • 2022-05-09 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឋានសួគ៌បូកគោ ឬក៏គេច្រើនហៅថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាឋានសួគ៌នៃក្រុងធម្មជាតិ ប្រសិនជាអ្នកបានទស្សនាខ្សែភាពយន្តនានាដែលបញ្ចាំងអំពីឋាន ទេវតាកំពុងអណ្តែតក្នុងអាកាសវេហាស៍ អមដោយផ្ទាំងពពកធំៗហោះនៅជុំវិញនោះផង អ្នកប្រាកដជាប្រាថ្នាចង់ទៅដល់ទីនោះពុំខាន។ តែគួរឲ្យស្តាយ ទិដ្ឋភាពបែបនេះមុខជាមានតែនៅក្នុងខ្សែភាពយន្តទេមើលទៅ។ ប៉ុន្តែទិដ្ឋភាពនៃពពកហោះហើរជុំវិញខ្លួនយើងគឺមានប្រាកដមែន។ ប្រសិនបើវាពុំប្រហាក់ប្រហែលនឹងទិដ្ឋភាពក្នុងខ្សែភាពយន្ត ក៏អ្នកប្រាកដជាពេញចិត្តជាពុំខានជាមួយនឹងផ្សែងពពកហោះហើរ ក្បែរៗខ្លួនអ្នក ដែលលោកអ្នកអាចទស្សនាបាននៅរមណីយដ្ឋានភ្នំបូកគោ ។

រមណីយដ្ឋាន ឋានសួគ៌បូកគោ ស្ថិតនៅក្នុងខេត្តកំពត គឺជារមណីយដ្ឋានដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និង អន្ដរជាតិ តាមរយៈនៅលើភ្នំនេះមានដូចជា វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាពមកខាងក្រោមយ៉ាងស្រស់ស្អាត និងអាចចាប់ពពកបានផងដែរ។ ភ្នំបូកគោជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតមិនថាធម្មជាតិ អាកាសធាតុ ដំណើរកម្សាន្តរុករកឬសម្រាកលម្ហែនោះទេ សុទ្ធសឹងតែអាចធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយស្រស់ថ្លា និងអនុស្សាវរីយ៍បំភ្លេចមិនបាន។ ទន្ទឹមនឹងនេះ ភ្នំបូកគោ ដែលមានកម្ពស់ ១០៧ម៉ែត្រ មានធាតុអាកាសត្រជាក់បង្គួរដែលធ្វើឲ្យរុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជា មានផ្ទាំងថ្មធំៗជាច្រើនឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្ដាលវាល ខ្លះទៀតមើលទៅមានរាងដូចសត្វផ្សេងៗ ឬជារាងសំពៅជាដើម។

ដោយសារតែអាកាសធាតុនៅលើភ្នំនេះ ត្រជាក់បង្គួរជាប្រចាំ ដោយនៅក្នុងរដូវវស្សា ស្ថានភាពអាកាសធាតុនៅលើភ្នំនេះ កាន់តែមានសំណើម និងចុះអ័ព្ទខ្លាំង ធ្វើឱ្យរុក្ខជាតិទាំងឡាយរីកស្រស់បំព្រងគ្រប់ពេលវេលា។ ទីនោះអ្នកក៏អាចទស្សនានូវទិដ្ឋភាពខ្លះៗនៃក្រុងកំពត ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់មើលទៅហាក់បីដូចជាជាប់នឹងជើងមេឃ។ រីឯទេសភាពនៅទីនោះពិតជាស្រស់ស្អាតណាស់ នឹងអមទៅដោយទេសភាពដែលគួរអោយទាក់ទាញចិត្ត និងមានរូបសំណាក់លោកយាយម៉ៅ ដែលជាទីសក្ការបូជាដ៏ធំលើឧទ្យានជាតិព្រះមុនីវង្សបូកគោនេះតែម្តង រឺជាកន្លែងដែលភ្ញៀវទេសចរគោរពបូជាចំពោះលោកយាយម៉ៅដើម្បីសុំសេចក្តីសុខចំរើន។ ហើយឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយទាំងបែបធម្មជាតិ និងបែបទំនើប ដែលស្ថិតនៅលើភ្នំបូកគោ។ ផ្លូវដែលសម្រាប់ឡើងទៅកំពូលភ្នំ ត្រូវបានស្ថាបនាដោយក្រឡឹងជុំវិញភ្នំ ក្រាលដោយកៅស៊ូរលោងស្រិល ឡើងទៅដល់លើកំពូលភ្នំតែម្តង។

ដោយទិដ្ឋភាពដ៏ស្រស់ត្រកាលនេះហើយ ធ្វើឲ្យរមណីយដ្ឋានភ្នំបូកគោទាក់ទាញមនុស្សមកលេងយ៉ាងណែនណាន់តាន់ នាថ្ងៃបុណ្យជាតិ និងរាប់រយនាក់នៅថ្ងៃធម្មតា។ ប៉ុន្តែមុននឹងឡើងទៅលេងនៅកំពូលភ្នំបូកគោនោះ កុំភ្លេចទិញបាយពីទីរួមខេត្តកំពតរួចជាស្រេចផង ពីព្រោះនៅទីនោះពិបាករកទិញម្ហូបអាហារបរិភោគណាស់។ ទេសចរទៅដល់ទីឋានដ៏ត្រកាលនេះ លោកអ្នកនឹងទៅដល់ទីកន្លែងសំខាន់ៗជាច្រើន ដូចជា បដិមាលោកយាយម៉ៅ ទឹកជ្រោះពពកវិល ថ្មមុខយក្សឬអ្នកថែរក្សាព្រៃ បឹងលើភ្នំ វត្តសំពៅប្រាំ ព្រះវិហារកាតូលិកចាស់ ឡឺបូកគោផាលេស (សណ្ឋាគារចាស់) ដំណាក់ស្លាខ្មៅ ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច វាលស្រែ១០០ វាលស្រែ៥០០ កន្លែងសមាធិ និងទិដ្ឋភាពព្រៃព្រឹកក្សាយ៉ាងស្រស់បំព្រងផ្សេងៗជាច្រើនទៀត មិនថាទីតាំង សម្រស់ធម្មជាតិ ឬបរិយាកាស ឧទ្យានជាតិភ្នំបូកគោ មានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។

នៅមិនឆ្ងាយពីរមណីយដ្ឋាន ឋានសួគ៌បូកគោ មានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្ដិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នក មកសម្រាកបន្ធូរអារម្មណ៍ ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្ត កែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លា និងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ ៕

ប្រភពរូបភាព៖ Saony Reun

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់