• 2022-05-16 06:39:33
  • ព័ត៌មាន

កម្ពុជាត្រូវការការចូលរួមពីបងប្អូន! ក្រសួងបរិស្ថានចង់ឲ្យពលរដ្ឋកែប្រែ ឥរិយាបថនិយមហូបសាច់សត្វព្រៃពីពេលនេះតទៅ

  • 2022-05-16 06:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងក្នុងសន្និសីទកាសែតនៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋសូមបញ្ឈប់ការទទួលទានសត្វព្រៃជាដាច់ខាត ពិសេសត្រូវកែប្រែ ឥរិយាបថនិយមហូបសាច់សត្វចាប់ពីពេលនេះតទៅ។

ឯកឧត្តមបានគូសបញ្ជាក់ថា « រាល់ការទិញលក់នូវសាច់សត្វព្រៃ សុទ្ធសឹងតែជាសកម្មភាពខុសច្បាប់ អាជ្ញាធរមានសមត្ថកិច្ច នឹងបង្ក្រាបបទល្មើសនានា នៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ ទាំងអ្នកលក់និងអ្នកទិញយកមកបរិភោគ។»

ដូចគ្នានេះដែរ ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ក្នុងនាមជាប្រជាពលរដ្ឋគួរតែចេះថែរក្សាស្រឡាញ់ការពារធនធានធម្មជាតិសត្វព្រៃដែលកម្ពុជាមានឲ្យបាន គង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។

ឯកឩត្តមបានមានប្រសាសន៍ថា ដើម្បីដោះស្រាយវិបត្តិនេះ រាជរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដៃគូក្នុងវិស័យបរិស្ថានបានមករួមគ្នា ដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដោយ ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថានបានដកអន្ទាក់សរុបចំនួន ៦១,៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតនៅកម្ពុជា។

សូមជម្រាបថា ក្រសួងបរិស្ថាន ពេលនេះបាន កំណត់យកខេត្ត ៦ នៅភាគខាងកើតនៃកម្ពុជារួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំជាគោលដៅនៃយុទ្ធនាការដ៨សំខាន់នេះ ក៏ព្រោះខេត្តទាំង ៦ នេះមានផ្ទៃដីភាគច្រើនគ្របដណ្តប់ដោយតំបន់ការពារធម្មជាតិដែលមានវត្តមានព្រៃឈើ និងសត្វព្រៃ និងខេត្តទាំង ៦ នេះមានសកម្មភាពលក់សាច់សត្វព្រៃដោយខុសច្បាប់នៅតាមទីផ្សារ និងនៅតាមតំបន់នានានាពេលកន្លងមកដែលយើងចាំបាច់ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ទប់ស្កាត់និងបង្ក្រាបឱ្យបានមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់