- 2022-05-17 08:10:00
- ព័ត៌មាន
តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ «ផ្លូវបុប្ផាលាក់ខ្លួន» សម្រស់ខៀវខ្ចីនៃរដូវវស្សា កំពុងអង្រួនចិត្តទេសចរគួរទៅស្គាល់ម្ដង
- 2022-05-17 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ «ផ្លូវបុប្ផាលាក់ខ្លួន» សម្រស់ខៀវខ្ចីនៃរដូវវស្សា កំពុងអង្រួនចិត្តទេសចរគួរទៅស្គាល់ម្ដង
ចន្លោះមិនឃើញ
តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិចនៃប្រទេសកម្ពុជា កំពុងលាក់ខ្លួនបញ្ចេញសម្រស់ខៀវខ្ចីនៃរដូវវស្សា ហាក់អង្រួនចិត្តទេសចរគួរទៅស្គាល់ម្ដង ។
ចេញពីរង្វង់មូលប្រមោយប្រមាណ ៣០គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំធម្មជាតិ១៥០០ ឬត្រូវបានគ្រប់គ្នាឱ្យឈ្មោះថា «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ប្រសិនបើគេមើលពីផ្នែកលើ។ ដោយសារតែត្រូវឆ្លងកាត់តំបន់ភ្នំ១៥០០ ទើបក្រុមវិស្វកម្មខិតខំស្ថាបនាផ្លូវបត់បែនឡើង ដើម្បីទម្លុះឱ្យដល់ឃុំថ្មដា ដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។ ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។
អាកាសធាតុនៅក្នុងតំបន់នេះ គឺមានសភាពត្រជាក់ស្រួល នៅពេលសម្រាកនាពេលយប់ ញ៉ាំងឱ្យការទស្សនា និងសម្រាកលម្ហែនៅតាមតំបន់ទេសចរណ៍ នៃស្រុកវាលវែងជួរភ្នំ១៥០០នេះ កាន់តែទទួលបាននូវភាពមនោរម្យគួរជាទីសុខដុម។ នៅតាមផ្លូវដំណើរទេសចរនឹងប្លែកភ្នែកដោយបានស្វែងយល់ពី ជីវភាព វប្បធម៌នៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ ខណៈការរស់នៅរបស់ពួកគាត់ គឺផ្សារភ្ជាប់ជាមួយធម្មជាតិ ដើមឈើ ចម្ការដំណាំ នៅក្បែរៗនឹងផ្ទះហាក់បង្ហាញពីភាពសម្បូរសប្បាយមួយបែបផងដែរ។
ព្រោះភាពអស្ចារ្យនៃធម្មជាតិនៅតំបន់ភ្នំ១៥០០ បានធ្វើឲ្យភាពហត់នឿយពីការធ្វើដំណើរជាច្រើនរយគីឡូម៉ែត្រ បានធូរស្បើយមួយរំពេច។ ដោយទេសចរនឹកស្រូបយកជំនោរត្រជាក់ស្រស់ស្រាយ និងសន្សើមព្រៃភ្នំពិតជាស្រស់ត្រកាលរកប្រដូចគ្មាន។ តំបន់ភ្នំ១៥០០ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថាហេតុអ្វីបានជា ទីនោះមានឈ្មោះថា ១៥០០ដូច្នេះ ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហាន កាលពី សង្គ្រាមជាមួយខ្មែរក្រហម គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិត មិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រ ប៉ុណ្ណោះ។
តំបន់ទេសចរណ៍ធម្មជាតិ ភ្នំ១៥០០ ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាបន្តបន្ទាប់ និងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងទេសភាពធម្មជាតិដ៏ល្អឯក ជាពិសេស គឺបន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលមានប្រវែងជាង ១៧០គីឡូម៉ែត្រ ដោយបំបែកពីផ្លូវជាតិលេខ៥ ទៅកាន់ច្រកព្រំដែនថ្មដា កម្ពុជា-ថៃ ៕
ប្រភពរូបភាព៖ បងស្នា